(សៀមរាប)៖ ចេតិយជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយ ក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។
មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?
នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ។
យោងតាមការស្រាវជ្រាវរបស់លោកស្រី ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ១៦២៣ និងឆ្នាំ១៧០១ នៃគ្រិស្តសករាជ។
លោក អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោកជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត។
លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងព្រះបរមរាជវាំង ដែលកាលនោះរាជធានីនៅឧត្តុង្គ។
លោក អ៊ា ដារិទ្ធ បានបន្តថា គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និងកូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និងយោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង។
យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និងរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធានជាដើម។ នេះបើតាមការឱ្យដឹងពីលោក អ៊ា ដារិទ្ធ។
នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និងរាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ។ ជំនឿនេះមានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។
លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និងខ្លះដាក់ក្នុងកុលាលភាជន៍។
ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុកមានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ៕