(សិង្ហបុរី)៖ បណ្ដាមេដឹកនាំ​ដែលបានចូលរួម​ កិច្ចប្រជុំកំពូល​អាស៊ី​ខាងកើត ឬ East Asia Summit (EAS) ​បានចេញផ្សាយ​សេចក្ដីថ្លែងការណ៍​មួយ នៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពី​អាវុធគីមី បន្ទាប់ពីពួកគេ​បានជួបប្រជុំគ្នា​ប្រចាំឆ្នាំ​ ក្នុងទីក្រុងម៉ានីល​កាលពីថ្ងៃអង្គារ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ ក្រុមមេដឹកនាំទាំងអស់​ខាងលើ​បាននិយាយថា ពួកគេបានអះអាង​ឡើងវិញ ពី​ការប្ដេជ្ញាចិត្ត​គោរព​តាមគោលការណ៍​បំផ្លាញ​អាវុធគីមី មិនរីកសាយ និង​ផ្ដល់ជំនួយ​ព្រមទាំងការពារ​រដ្ឋ​ដទៃ ពីការគំរាម​កំហែង ឬវាយប្រហារ​ដោយ​អាវុធគីមី។ មិនតែប៉ុណ្ណោះ ពួកគេក៏​បានបញ្ជាក់ដែរថា ការប្រើប្រាស់​អាវុធគីមី និងសារធាតុពុល​គីមីនៅ ទីណាមួយ​ដោយនរណាម្នាក់ ក្រោមកាលៈទេសៈណា​ក៏ដោយ ដែលត្រូវបាន​ហាមឃាត់ដោយ​ អនុសញ្ញា​ស្ដីពីអាវុធគីមី (​CWC) គឺជារឿងគួរ​ឱ្យស្អប់ខ្ពើម​មិនអាចទទួល​យកបាន ដូច្នេះ​អ្នកប្រើប្រាស់​អាវុធគីមី ឬសារធាតុពុលគីមី​ជាអាវុធ នឹងត្រូវទទួល​ខុសត្រូវជា​ដាច់ខាត។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍​ខាងលើ បណ្ដាមេដឹក​នាំ EAS ក៏បាន​សន្យាដែរថា នឹងពង្រឹងប្រព័ន្ធសុខាភិបាល​ឱ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទាក់ទិន នឹងបញ្ហាសុខភាពក្នុងនោះរួមមាន​ទាំងគ្រោះ​ថ្នាក់ជីវសាស្ត្រ សារធាតុ​គីមីពុល ធាតុវិទ្យុ​សកម្ម ជាដើម៕