(ភ្នំពេញ)៖ នៅចំថ្ងៃតុលាការកំពូល បើកសវនការ ជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង បទល្មើសក្បត់ជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកលើកឡើងថា រលកនយោបាយខុសពីរលកទឹក ថ្ងៃនេះគឺជាថ្ងៃដែលច្បាប់មានអនុភាពគ្រប់គ្រងមនុស្ស ជាពិសេសអ្នកនយោបាយ កុំឲ្យធ្វើអ្វីទៅតាមមហិច្ឆតា នាំឲ្យខូចខាតដល់ប្រយោជន៍រួម។

លោក ពេជ្រ ស្រស់ បានបន្ថែមថា ច្បាប់ខ្លាំង ប្រទេសខ្លាំង រាស្រ្តមានសណ្តាប់ធ្នាប់ ប្រទេសរីកចំរើនសេចក្តីសុខ នឹងកើតមានឡើង លើក្រុមគ្រួសារ នៃប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ នេះជាការលើកឡើងរបស់​ប្រធានគណបក្សយុវជនកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែវិច្ឆិកា​ឆ្នាំ២០១៧នេះ។

ប្រធានគណបក្សរូបនេះបានបន្តថា សម្រែកអយុត្តិធម៌ក៏នឹងបន្លឺរឡើង ដោយមិនពេញចិត្តចំពោះការអនុវត្តច្បាប់ ប៉ុន្តែទោះបីជាសម្រែក អយុត្តិធម៌នោះបន្លឺរយ៉ាងណាក៏ដោយ ក៏មិនអាចឃាត់ច្បាប់បាននោះដែរ។

លោកបានថ្លែងបញ្ជាក់ថា «បើសិនជាមិនពេញចិត្ត ចំពោះច្បាប់ដាក់ពិន័យ លើជនឬក្រុមណាមួយបានប្រព្រឹត្តនូវអំពើខុសច្បាប់នោះ ទាល់តែមិន បង្កើតច្បាប់ ឲ្យមាន សួរថាប្រទេសមួយគ្មានច្បាប់គ្រប់គ្រង តើប្រទេសនោះអាចមានសេចក្តីសុខ បានដែរ ឬទេ? ដូច្នេះមានតែច្បាប់ទេដែលអាចនាំមកនូវសេចក្តីសុខជូន មនុស្សគ្រប់គ្នាបានហើយ សង្គមជាតិ មានសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។ ក្នុងន័យនេះ យើងទាំងអស់គ្នា គឺជាកោសិកានៃច្បាប់ ត្រូវតែរួមគ្នាគោរពច្បាប់ ដើម្បីទទួលបាននូវសេចក្តីសុខទាំងអស់គ្នា»

ជាក់ស្តែង សវនាការរបស់តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងពុំមានការតវ៉ាពីសកម្មជនរបស់គណបក្សប្រឆាំងទេ ទោះបីជា លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទ រឿងក្បត់ជាតិមួយនេះ បានអំពាវនាវឱ្យសកម្មជន និង អ្នកគាំទ្រប្រមូលផ្តុំគ្នានៅមុខតុលាការ។

កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧​ ក្រុម​មេធាវី៥រូប របស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល​ ដើម្បីប្តឹងស្នើសុំរំលាយ គណបក្ស​សង្គ្រោះ​ជាតិដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា៕