(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការ ណែនាំដល់អាជីវករប្រជាពលរដ្ឋ អំពីការជ្រើសរើស យកទំនិញ ដែលល្អមិនហួសកាលបរិច្ឆេទ យកមកបរិភោគ ដើម្បីចៀសវាងនូវហានិភ័យ ដែលប៉ះពាល់ដល់សុខភាព ជាយថាហេតុ។
លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងនៅផ្សារសមាគមស្ថិត ភូមិច័ន្ទគីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផលមន្រ្តីជំនាញមិនបានដកហូតទំនិញណាដែលខូចគុណភាព និងហួសដឺឡេនោះទេ។
ជាមួយគ្នានេះបើតាមលោក ហុង លៀង មន្រ្តីជំនាញនឹងចុះណែនាំបន្តបន្ទាប់ទៀត សម្រាប់ត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមទីផ្សារ៕