Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាទិដ្ឋភាពជុំវិញបរិវេណតុលាការកំពូល ខណៈដែលអង្គសវនាកាត់ក្ដីរឿង «រំលាយគណបក្សសង្គ្រោះជាតិ» កំពុងដំណើរការយ៉ាងរលូនគ្មានការរំខាន

16-11-2017 12:11

(ភ្នំពេញ)៖ ទស្សនាទិដ្ឋភាពផ្សេងៗ ជុំវិញបរិវេណតុលាការកំពូល ខណៈដែលអង្គសវនាកាត់ក្ដីរឿង «រំលាយគណបក្សសង្គ្រោះជាតិ» កំពុងដំណើរការយ៉ាងរលូន គ្មានការំខានពីបុគ្គលណា ឬក្រុមណានោះឡើយ ដោយចាប់តាំងពីម៉ោងជាង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

តុលាការកំពូលបានចាប់ផ្តើមបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ តែអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំដល់ថ្ងៃស្អែកនោះទេ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅមុខតុលាការកំពូលថា ការពង្រាយកម្លាំង សមត្ថកិច្ចជាច្រើននាក់ ដោយមានការបិទបារ៉ាស់នៅតាមដងផ្លូវជុំវិញតុលាការកំពូលនោះ គោលបំណងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឲ្យសវនាការរបស់តុលាការកំពូល លើការរំលាយ គណបក្សសង្គ្រោះជាតិ បានដំណើរការទៅដោយរលូន មិនមានការរំខានណាមួយ។

នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចទាំងនេះ មិនមានគោលបំណងបំភ័យដល់ប្រជាពលរដ្ឋនោះឡើយ គឺគោលដៅតែម្យ៉ាងគត់លើកិច្ចការស​ន្តិសុខតែប៉ុណ្ណោះ។

សូមទស្សនាទិដ្ឋភាពផ្សេងៗ ជុំវិញបរិវេណតុលាការកំពូលនៅខាងក្រោមនេះ៖