(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវជាថ្មី ឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុង ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយត្រូវចៀសចេញឱ្យឆ្ងាយពីកន្លែង ដែលមានមនុស្សប្រមូលផ្តុំ នៅកម្ពុជា គ្រាដែលតុលាការកំពូល កាត់ទោស រំលាយគណបក្សសង្រ្គោះជាតិ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា៖ ទោះបីជាស្ថានទូតអាមេរិក ពុំមានព័ត៌មានជាក់លាក់ ពាក់ព័ន្ធនឹងគម្រោង ធ្វើបាតុកម្មណាមួយ ឬក៏បញ្ហាសន្តិសុខ នៅពេលនេះយ៉ាងណាក្តី យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិកទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពប្រុងប្រយ័ត្ន។ ទោះសកម្មភាពធ្វើបាតុកម្ម ឬក៏ព្រឹត្តិការណ៍ផ្សេងៗ ធ្វើឡើងដោយសន្តិវិធីក៏ដោយ ក៏អាចនឹងក្លាយជាការប្រឈមមុខដាក់គ្នា ឬប្រែទៅជាការផ្ទុះអំពើហិង្សាដោយពុំដឹងមុនថែមទៀតផង។
ស្ថានទូតអាមេរិក ក៏បានជំរុញឲ្យពលរដ្ឋអាមេរិកទាំងអស់ ជៀសវាងពីការប្រជុំគ្នាអ៊ូរអរ ហើយប្រញាប់ប្រញាលចាកចេញពីតំបន់ទាំងឡាយ ដែលមានមនុស្សមកជួបជុំគ្នាជាបន្ទាន់។ ពលរដ្ឋអាមេរិកទាំងអស់ គួរតែមានការប្រុងប្រយ័ត្នជាប់ ចំពោះស្ថានការណ៍វិវឌ្ឍន៍នៃបញ្ហាសន្តិសុខក្នុងតំបន់រៀងៗខ្លួន តាមរយៈការតាមដានសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក, ការបង្កើនការប្រយ័ត្នប្រយែងពីសុវត្ថិភាព ផ្ទាល់ខ្លួន និងការត្រៀមលក្ខណៈ និងការរៀបចំសកម្មភាពរបស់ខ្លួនតាមការគួរ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។
សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។ ចំពោះសវនាការនេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យតុលាការកំពូល ធ្វើការផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨រូបផងដែរ៕