(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាបជនសង្ស័យ១៨នាក់ ជាបន្ដបន្ទាប់ដែលពាក់ព័ន្ធករណីគ្រឿងញៀន ភូមិស្វាយស្រណោះទី២ ឃុំរកាអា ស្រុកកងមាស ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ដោយឡែកនៅស្រុកចំការលើ ក៏ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ផងដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ប្រតិបត្ដិការនេះលោកបានបញ្ជាឲ្យលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថាក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនគរបាលជំនាញឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម វិច្ឆិកា ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិស្វាយស្រណោះទី២ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សចំនួន៤៦កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់នេះ និងតាមចម្លើយសារភាពនោះ កម្លាំងជំនាញបន្ដឃាត់ខ្លួនជនសង្ស័យ១៧នាក់ផ្សេងទៀត ដោយដកហូតបានទូរស័ព្ទដៃចំនួន០៨គ្រឿង ម៉ូតូចំនួន០៧គ្រឿង ប្រាក់រៀលចំនួន២០០,០០០រៀល។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកំពុងរៀបចំឯកសារ ដើម្បីចាត់ការបន្ដតាមច្បាប់។
យ៉ាងណាមិញ សម្រាប់ប្រតិបត្ដិការនៅស្រុកចំការលើវិញ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ផ្កាឈូក ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ដោយលោកវរសេនីយ៍ទោ ខេង ស្រេង អធិការនគរបាលស្រុកចំការលើ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ រួមជាមួយថ្នាំញៀនមួយកញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ៕