(កណ្តាល)៖ បើទោះបីបានចំណាយពេលដ៏មមាញឹកជាមួយ កិច្ចប្រជុំនានានៅប្រទេសវៀតណាម និងហ្វីលីពីនរយៈពេល៥ថ្ងៃយ៉ាងណាក្តី តែក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនបានឈប់សម្រាកនោះទេ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបជិត ២ម៉ឺននាក់មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវក្រោះ អាវការពារគ្រាប់មិនមែនជាការចាប់បាច់ ត្រូវពាក់ ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋជាទីស្រឡាញ់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ និងមោទនភាពជាខ្លាំង ដែលរាល់ដំណើររបស់សម្តេចចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ទទួលបានការស្វាគមន៍ដោយគោរពស្រឡាញ់យ៉ាងខ្លាំងពីបងប្អូនកម្មករ កម្មការិនី ដែលជាការបង្ហាញឲ្យឃើញថា កម្មករ កម្មការិនី បានស្គាល់សម្តេចយ៉ាង ច្បាស់តាមសកម្មភាពបម្រើជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ឧស្សាហកម្ម 7NG ពោលគឺតំបន់វិហារសួគ៌ និងព្រែកតាម៉ាក់ គឺជាតំបន់ប្រយុទ្ធយ៉ាងស្រួចស្រាវក្រោយ ថ្ងៃរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ហើយសម្តេចមិននឹកស្មានថា តំបន់ដែលជាសមរភូមិប្រយុទ្ធបានប្រែក្លាយជាតំបន់សេដ្ឋកិច្ចដ៏រស់រវើកបែបនេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍនៅតំបន់ 7NG មិនមែនជាការកើតឡើងដោយចៃដន្យនោះទេ តែគឺជាការកើតឡើងដោយការ ដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់។ បើតាមសម្តេចតេជោ បានបញ្ជាក់ថា ដើម្បីអ្នកទាញអ្នកវិនិយោគមកអភិវឌ្ឍន៍តំបន់នេះ សម្តេចបានរៀបចំ និងដាក់ចេញនូវផែនការសាងសង់ផ្លូវជាតិលេខ៨ និងស្ពានព្រែតម៉ាក់ ដែលជាការសម្រួលខាងផ្នែកប្រព័ន្ធហេដ្ឋាសម្ព័ន្ធដើម្បីបើកផ្លូវឲ្យអ្នកវិនិយោគមកវិនិយោគនៅតំបន់នេះ។
* ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតំបន់ឧស្សាហកម្ម7NG សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីប្រវត្តិតស៊ូជាច្រើនក្នុងការ អភិវឌ្ឍនៅតំបន់វិហារសួគ៌ គ្រាដែលប្រទេសមិនទាន់បញ្ចប់ការផ្ទុះអាវុធបានពេញលេញនៅឡើយផងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនៃការអភិវឌ្ឍនៅតំបន់វិហារសួគ៌មិនមែនបានមកដោយសារតែបក្សប្រឆាំងនោះទេ តែបានមកពីការខិតខំរបស់ គណបក្សប្រជាជនកម្ពុជា និងការដាក់ចេញចក្ខុវិស័យយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច។ សម្តេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ដែលបោះឆ្នោតគាំទ្រការដឹកនាំរបស់សម្តេចជាបន្តបន្ទាប់មក។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនដែលទើបតែបញ្ចប់ទៅនេះ គឺសម្តេចបានចំណាយពេល២០ម៉ោងក្នុងមួយថ្ងៃសម្រាច់កិច្ចប្រជុំនានា។ សម្តេចតេជោថា កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីជាតិ និងប្រជាជន។
* សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា សម្តេចមិនបានដឹកនាំប្រទេសនេះពីមានទៅក្រនោះទេ តែបាននាំប្រទេសពីក្រក្រ ឈានទៅរកស្ថានភាពមួយកាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន សម្តេចបានជួបលោកស្រី អ៊ុង សានស៊ូជី ហើយលោកស្រីបាននិយាយថា ប្រទេសលោកស្រីមានពលករជាង ២លាននាក់ធ្វើការនៅប្រទេសថៃ ហើយពលករពិបាកវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ព្រោះប្រាក់ខែនៅមីយ៉ាន់ម៉ាមានត្រឹមតែ ៧៩ដុល្លារប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការបង្កើតរោងចក្រនៅក្នុងរាជធានីភ្នំពេញ សម្តេចក៏លើកទឹកឲ្យមានការបង្កើតរោងចក្រនៅតាមបណ្តាខេត្តផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពក្នុងនាមជាខ្មែរ ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋខ្មែរ បង្កើតនូវស្ថានភាពប្រទេសមួយដែលមានភាពល្អប្រសើរ។
* សម្តេចេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណាក់ដ៏កម្សត់នៃប្រទេសកម្ពុជា គេតែងបានឃើញវត្តមានរបស់សម្តេចនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលក្នុងនោះក្នុងពេល តស៊ូវាយផ្តួល រំលំរបបប្រល័យពូជសាសន៍ គឺសម្តេចបាននៅសមរភូមិ ហើយក្នុងដំណាក់កាលទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់គ្រប់គ្រងប្រទេសជាថ្មី គេក៏ឃើញសម្តេចនៅសមរភូមិមុខផងដែរ។ ជាបន្តមកទៀតនៅក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព គេក៏បានឃើញសម្តេចនៅឯតុចរចាស្វែងរកសន្តិភាព បន្ទាប់មកក្នុងដំណាក់អនុវត្តន៍នយោបាយឈ្នះឈ្នះ គេក៏ឃើញសម្តេចនៅជំរុំខ្មែរក្រហម ដើម្បីចរចាយកខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។
* មិនតែប៉ុណ្ណោះក្នុងដំណាក់កាលនៃការជំរុញវិស័យកសិកម្ម គេក៏តែងឃើញសម្តេចនៅតាមវាលស្រែ និងតាមប្រឡាយទឹក រហូតជំរុញកម្ពុជា ឲ្យប្រែក្លាយជាប្រទេសខ្វះស្បៀង រហូតដល់ក្លាយជាសល់ស្បៀងយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបានទៅពឹងបរទេស ឬរៀនសូត្រពីបរទេសដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំនោះទេ តែបានពិភាក្សាជាមួយបរទេស ដកស្រង់ពីបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
* សម្តេចតេជោ បានថ្លែង សម្តេចបានដឹកនាំប្រទេសតាំងពីពេលកម្ពុជា មានប្រជាពលរដ្ឋ៥លាននាក់ មានអង្ករហូបមិនគ្រប់ តែមកដល់ដំណាក់កាលដែលប្រទេសមានប្រជាពលរដ្ឋ ១៥លាននាក់ ហើយអង្ករហូបមិនអស់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៅមុខបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្ថានភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន គឺទាមទារឲ្យសម្តេចរឹងប៉ឹងឡើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយបដិវត្តន៍ពណ៌ ការពារសុខសន្តិភាពនាំប្រទេសជាតិទៅរកការរីកចម្រើន នាំប្រជាជនទៅរកប្រាក់ចំណូលខ្ពស់។
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដោយទទូចឲ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាព ការពារប្រទេសខ្លួន ការពារអធិបតេយ្យភាព និងការពារឯករាជ្យរបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តាប់យ៉ាងច្បាស់នូវអ្វីដែលសម្តេចបានលើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហ្វីលីពីន។
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវដើម្បីចង់បានសន្តិភាពត្រូវឱនក្បាលដាក់ប្រទេសដទៃ ហើយគ្រាន់តែចង់បានជំនួយ ត្រូវធ្វើជាអាយ៉ងប្រទេសដទៃនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសហ្វីលីពីន និងមីយ៉ាន់ម៉ា។
* ជាមួយការអំពាវនាវដល់កម្មករ កម្មការិនីឲ្យរួមគ្នារក្សាសុខសន្តិភាពឲ្យខានតែបានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកកម្មករ កម្មការិនីថា គ្មានអ្នករកស៊ីរូបណាមកបង្កបង្កើតរោងចក្រនៅប្រទេសដែលមានសង្រ្គាមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអនុញ្ញាតឲ្យមានបងតូចបងធំនៅតាមរោងចក្រទៀតនោះឡើយ ជាពិសេសក្រុមអ្នកអូសទាញកម្មករ កម្មការិនី ឲ្យទៅចូលរួមធ្វើបាតុកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងគាំទ្រ ឲ្យបង្កើតកម្មវិធីសប្បាយៗនៅតាមរោងចក្រក្នុងថ្ងៃទិវាការងារអន្តរជាតិ ១ ឧសភា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលមិនមែនបញ្ចប់ត្រឹម១៧០ដុល្លារក្នុងឆ្នាំ២០១៨នោះទេ គឺនឹងមានការតម្លើងនៅឆ្នាំបន្តបន្ទាប់ទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋសភានឹងអនុម័តទៅលើច្បាប់ថវិកាជាតិឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៧ ខែវិច្ឆិកា ស្អែកនេះ។
* ជាមួយប្រាក់ឈ្នួលឡើងកាន់តែខ្ពស់សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ប្រឹងប្រែងបង្កើតសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើនផលិតភាពក្នុងការផលិតផលជូនថៅកែ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងអំពីការផ្តល់អត្ថប្រយោជន៍មួយចំនួនជូនបងប្អូនកម្មករ កម្មការិនីរួមមាន៖ ការតម្លើងប្រាក់ខែគោលដល់ ១៧០ដុល្លារនៅឆ្នាំ២០១៨ ការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោង ១៥នាទីសម្រាប់ស្រ្តីមានផ្ទៃពោះ, ទទួលបានប្រាក់សោធនិវត្តន៍ចាប់ពីឆ្នាំ២០១៩, ទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃ, ចាប់ពីឆ្នាំ២០១៨ មានការឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន (កូនមួយ ៤០ម៉ឺនរៀល, កូនភ្លោះពីរ ៨០ម៉ឺនរៀល និងកូនភ្លោះបី ១លាន ២០ម៉ឺនរៀល), ការទទួលបានការព្យាបាល និងពិនិត្យជំងឺនៅមន្ទីររដ្ឋដោយឥតគិតថ្លៃ និងទទួលបានសេវាគាំពារពីថៅកែរោងចក្រទាំងស្រុង...។ល។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងស្ថាប័នរៀនតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើប្រាស់កាលបរិច្ឆេទតាមបែបពុទ្ធចក្រ អមជាមួយកាលបរិច្ឆេទសាកល នៅតាមលិខិតស្នាមផ្សេង លើកលែងតែលិខិតទៅក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖៣៧នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕