(ភ្នំពេញ)៖ អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះបន្តិចថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំដល់ថ្ងៃស្អែកនោះទេ។
លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូលបានបញ្ជាក់ប្រាប់នៅវេលាម៉ោងប្រមាណជិត១០៖៥៥នាទីថ្ងៃនេះយ៉ាងដូច្នេះថា៖ «សាលដីកានឹងប្រកាសថ្ងៃនេះ មិនឲ្យរំលងដល់ថ្ងៃទី១៧ ខែវិចិ្ឆកាឡើយ ខណៈពេលនេះសវនាការកំពុងដំណើរការតាមនីតិវិធី»។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។
សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។
ចំពោះសវនាការនេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យតុលាការកំពូល ធ្វើការផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨រូបផងដែរ៕