(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្រ្តីលោក អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី និងដឹកនាំអង្គសន្និបាតប្រចាំឆ្នាំ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយមានសមាសភាពអញ្ជើញចូលរួម នៅក្នុងអង្គសន្និបាតមាន លោក លោកស្រី ជាសមាជិកសមាជិកាអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ដែល ជាតំណាងរបស់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកមិនមែនរដ្ឋាភិបាលរួមមានបណ្តា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញក្រុមប្រឈមខ្ពស់ នឹងការចម្លងមេរោគអេដស៍ ជាច្រើនរូបទៀត។
អង្គសន្និបាតបានចែករំលែក ពិនិត្យ បញ្ហាប្រឈម ឧបសគ្គ វឌ្ឍនភាព ប្រសិទ្ធភាព និង សមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗ ដែលបានមកពីការអនុវត្ត របស់សមាជិក-សមាជិកាអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍នៅទូទាំងប្រទេស លើគ្រប់សមសភាគនៃបទអន្តរាគមន៍ប្រយុទ្ធនឹង ជំងឺអេដស៍ចំបងៗ ដូចជាការងារថែទាំព្យាបាល អ្នករស់នៅជាមួយមេរោគអេដស៍ ការងារគាំពារសង្គម សំរាប់អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ ដោយសារមេរោគអេដស៍/ ជំងឺអេដស៍។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ឆ្លងកាត់ការបង្ហាញពីវឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផល ជាពិសេសមេរៀន ជាបទពិសោធន៍ល្អៗដែលបានមកពីការអនុវត្ត របស់សមាជិក-សមាជិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទូទាំងប្រទេសនៅក្នុងអង្គសន្និបាត អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកនេះ ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះសមាជិកសមាជិកានៃអង្គសន្និបាត និងនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យទទួលបាននូវជោគជ័យ ជាបន្តបន្ទាប់គួរជាទីមោទនៈ ដែលបានបញ្ជាក់ច្បាស់ ដោយអំណះអំណាងវិទ្យាសាស្រ្ត គឺការឈានឆ្ពោះទៅសម្រេចបាន នូវគោលដៅ៩០-៩០-៩០ នាឆ្នាំ២០២០ រួមជាមួយនឹងការ ត្រួតត្រាបានទាំងស្រុងនូវការកាត់បន្ថយអត្រា ឆ្លងមេរោគអេដស៍ថ្មី អត្រាផ្ទុកមេរោគអេដស៍ និងអត្រាមរណភាពដោយសារ ជំងឺអេដស៍បានជាបន្តបន្ទាប់។
លោកទេសរដ្ឋមន្រ្តី បន្តថាការរួមចំណែករបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាតំណាង ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគ អេដស៍ និងជំងឺអេដស៍ បណ្តាញក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍។ល។ ដោយបានសហការជិតស្និទ្ធ សម្របសម្រួល ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ឆ្លើយតបទៅនឹងគោលដៅតែមួយគឺ «បីសូន្យ» គឺគ្មានអ្នកឆ្លងថ្មី គ្មានអ្នកជំងឺស្លាប់ដោយសារ ជំងឺអេដស៍ និងគ្មានការរើសអើងប្រឆាំង ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍។
លោកបន្ថែមថា ក្នុងនាមជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ឆ្លងតាមការពិភាក្សាយ៉ាងផុសផុល នៅក្នុងអង្គសន្និបាតនាពេលនេះ លោកសូមចូលរួមចំណែក ផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១. សូមអង្គសន្និបាតទាំងមូលបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់ចំនួនក្រុមប្រឈមខ្ពស់ នឹងការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវបំផុត ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបឱ្យបានគ្រប់ ជ្រុងជ្រោយនូវសេវាបង្ការ សេវាថែទាំ និងព្យាបាល និងសេវាគាំទ្រសង្គមផងដែរ។
២. ក្នុងការធានាឱ្យបាននូវចីរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើការ បញ្រ្ជាប និងបញ្ចូលបញ្ហាអេដស៍ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ សង្កាត់។
៣. បន្តការលើកកម្ពស់សមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ គ្រប់គ្រង សម្របសម្រួល និងភាពជាម្ចាស់ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅគ្រប់លំដាប់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលជាប្រចាំ ការចូល រួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។
៤. ចំណេះដឹង និងព័ត៌មានថ្មីៗ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ត្រូវបន្តផ្សព្វផ្សាយឲ្យបានជាប្រចាំ និងកាន់តែទូលំទូលាយ ដោយធានាដល់ការគ្របដណ្តប់ឲ្យ បានទូទាំងប្រទេស ជាពិសេស នៅតាមទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។
៥. ស្រោមអនាម័យ គឺនៅតែជាអាវុធដ៏មានប្រសិទ្ធភាព ក្នុងការបង្ការការចម្លងមេរោគអេដស៍ នៅកម្ពុជា អាស្រ័យហេតុនេះត្រូវធ្វើយ៉ាងណា ឲ្យស្រោមអនាម័យ មានវត្តមាននៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលា ដែលត្រូវការប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត ជាពិសេសត្រូវយកចិត្តទុកដាក់ ឲ្យគ្រប់គ្រឹះស្ថានកម្សាន្តសប្បាយ ទាំងអស់មានសុវត្ថិភាព ពីការចម្លងមេរោគអេដស៍១០០% តាមរយៈការពង្រឹងការប្រើប្រាស់ ស្រោមអនាម័យឱ្យបាន១០០%។
៦. បន្តលើកកម្ពស់យន្តការសមភាពយេនឌ័រ និងជំងឺអេដស៍ តាមរយៈការលើកកម្ពស់សិទ្ធិអំណាច និងការផ្តល់ឱកាសដល់ស្រ្តី និងកុមារី ក្នុងការចូលរួមទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ពិសេសនៅក្នុងរង្វង់គ្រួសារ និងសង្គមទាំងមូល។
៧. កាត់បន្ថយបន្ថែមទៀត ដើម្បីឈានទៅរកការលុបបំបាត់ឲ្យបានទាំងស្រុង មុនគេនូវការរើសអើង និងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍តាមគ្រប់រូបភាពទាំងអស់។
៨. អ្នកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ត្រូវមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែង រកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ បានត្រឹមត្រូវ នៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។
៩. កន្លងមកមានរបាយការណ៍ មិនទាន់ផ្លូវការមួយចំនួនបានបង្ហាញថា មានគ្រឹះស្ថានសាធារណៈ និងឯកជនខ្លះបានប្រើប្រាស់ការធ្វើតេស្តឈាម រកមេរោគអេដស៍ ជាលក្ខខណ្ឌក្នុងការទទួលសេវា របស់ខ្លួន ឬការធ្វើតេស្តដោយគ្មានការផ្តល់ប្រឹក្សា។ល។ ដែលលោកសូមសង្កត់ធ្ងន់ថា ការធ្វើតេស្ត ឈាមដោយបង្ខំ ឬដោយតម្រូវ ឬដោយគ្មានការផ្តល់ប្រឹក្សា គឺជាអំពើផ្ទុយនឹងច្បាប់អេដស៍ នៃព្រះរាជាណាចក្រកម្ពុជា។
១០. រាល់ការងារ និងសេវាប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ ត្រូវឆ្លើយតបឱ្យបានទូលំទូលាយ និងពហុ វិស័យ ដោយឈរលើគោលការណ៍គោរព សិទ្ធិមនុស្ស សមភាពយេនឌ័រ និងគ្មានការរើសអើង ដាច់ខាត។
១១. សូមអំពាវនាវឲ្យអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍បន្តចូលរួមជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន ខ្លាំងក្លាទ្វេដងថែមទៀត តាមគ្រប់រូបភាព ជាកម្លាំងកាយ ប្រាជ្ញាស្មារតី សម្ភារ និងថវិកា ដើម្បី ពង្រីកអន្តរាគមន៍ប្រយុទ្ធនឹងជំងឺអេដស៍ឲ្យបានទ្វេដង ឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់ លើភូមិសាស្រ្ត លើក្រុមគោលដៅ លើតម្រូវការសេវាឲ្យបាន១០០%។
១២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នដែលរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យតាមដាន ការរាលដាលមេរោគអេដស៍ និងការឆ្លើយតប ទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបន្តការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈគោលការណ៍ភាពជាម្ចាស់ សមស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងប្រកបដោយសុខដុមនីយកម្ម។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា ការប៉ាន់ស្មានអ្នកដែលបានឆ្លងមេរោគអេដស៍ ហើយបាន មកពិនិត្យឈាម អ្នកដែលបានដឹងខ្លួនថា បានឆ្លងមេរោគ ហើយមកទទួលការព្យាបាល និងអ្នកដែលរស់នៅ ជាមួយមេរោគអេដស៍ ដែលបានទទួលការព្យាបាល ហើយទទួលបានលទ្ធផលល្អ គឺមានអត្រាខ្ពស់ ក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ហើយកម្ពុជាជាប្រទេសមួយក្នុង ចំណោម០៧ប្រទេស៕