(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅមុខតុលាការកំពូលថា ការពង្រាយកម្លាំង សមត្ថកិច្ចជាច្រើននាក់ ដោយមានការបិទបារ៉ាស់នៅតាមដងផ្លូវជុំវិញតុលាការកំពូលនោះ គោលបំណងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឲ្យសវនាការរបស់តុលាការកំពូល លើការរំលាយ គណបក្សសង្គ្រោះជាតិ បានដំណើរការទៅដោយរលូន មិនមានការរំខានណាមួយ។
នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចទាំងនេះ មិនមានគោលបំណងបំភ័យដល់ប្រជាពលរដ្ឋនោះឡើយ គឺគោលដៅតែម្យ៉ាងគត់លើកិច្ចការសន្តិសុខតែប៉ុណ្ណោះ។
ជាការកត់សម្គាល់ នៅជុំវិញបរិវេណតុលាការកំពូល ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ គេសង្កេតឃើញកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បានដាក់បារ៉ាស់នៅតាមដងផ្លូវ ដើម្បីមិនឲ្យមានក្រុមតវ៉ាណាមួយ ចូលទៅស្រែក និងរំខានដំណើរការសវនាការរបស់តុលាការកំពូលនោះឡើយ តែសម្រាប់អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឲ្យចូលទៅដល់ តុលាការកំពូលតែម្តង និងអាចឲ្យចូលស្តាប់សវនាការទៀតផង ដោយហាមយកឧបករណ៍ថតរូប និងថតសំឡេង ពោលគ្រាន់តែអាចកត់ត្រាប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ស្នងការបានបញ្ជាក់យ៉ាងដូច្នេះថា «យើងការពារសន្តិសុខ និងសុវត្ថិភាពជូនដល់អង្គសវនការ ដូច្នេះក្នុងការងារនេះអង្គសវនការនេះ គឺតុលាការកំពូល បានប្រកាសហើយជាសវនការសាធារណៈ»។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានចាប់ផ្តើមបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ។ អ្នកចូលរួមតាមដានអាចកត់ត្រាបាន។ មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រុមមេធាវី ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល៕