(ភ្នំពេញ)៖ សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងពុំមានការតវ៉ាពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទ រឿងក្បត់ជាតិមួយនេះ បានអំពាវនាវឱ្យសកម្មជន និងអ្នកគាំទ្រ ប្រមូលផ្តុំគ្នានៅមុខតុលាការ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ។ អ្នកចូលរួមតាមដានអាចកត់ត្រាបាន។ មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។
កាលពីពេលថ្មីៗនេះ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសគណបក្សសង្រ្គោះជាតិ៕