(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសធ្ងន់១១នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច២គ្រឿង, រថយន្ដធុនធំ១គ្រឿង, អ្នកថ្មើជើងម្នាក់ និងយានយន្ដផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាផ្លូវ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៨នាក់ របួសធ្ងន់ចំនួន១៣៧នាក់ និងរបួសស្រាលចំនួន១២៣នាក់៕