(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែវិច្ឆិកា វេលាម៉ោង៨ព្រឹក តុលាការកំពូល នឹងបើកសវនាការបណ្តឹងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិមួយរូបទៀត ជូនតុលាការកំពូល ដោយស្នើឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដែលពេលនេះបញ្ជីឈ្មោះថ្នាក់ដឹកនាំរបស់បក្សសង្គ្រោះជាតិ បានកើនដល់១១៨រូបហើយ។
លោក គី តិច មេធាវីតំណាងក្រសួងមហាផ្ទៃ ថ្លែងថា «ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេសគឺបញ្ជីឈ្មោះផ្លូវការថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ»។
ក្រុមមេធាវី ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល។
គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មានអាយុ៥ឆ្នាំ និង៤ខែហើយ នឹងត្រូវតុលាការកំពូលបើកសវនាការលើបណ្តឹងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ស្របពេលនេះជាមួយនេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាគណបក្សមួយជាអ្នកប្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា ស្នើឲ្យតុលាការកំពូលកាត់រំលាយតែម្តង ដោយមិនពន្យាពេល។
គណបក្សសញ្ជាតិកម្ពុជា ក៏បានលើកឡើងស្នើសុំឲ្យតុលាការកំពូលត្រូវកាត់សេចក្តីរំលាយ CNRP នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ឲ្យខានតែបាន មិនត្រូវពន្យារពេល ដើម្បីឲ្យស័ក្តិសមនឹងទោសកំហុសដែលគណបក្សនេះបានប្រព្រឹត្ត។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា «បើគណបក្សសង្រ្គោះជាតិនៅតែបន្តសកម្មភាពតទៅទៀតនោះសន្តិភាព នឹងមិនកើតមានឡើយ។ ហេតុដូច្នេះហើយ បានជាគណបក្សសញ្ជាតិកម្ពុជា នៅតែទទូចសុំឲ្យតុលាការកំពូល ត្រូវតែកាត់សេចក្តីរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧តែម្តង មិនត្រូវពន្យារពេលតទៅមុខទៀតឡើយ ដើម្បីឲ្យស័ក្តិសមនឹងទោសកំហុសដែលគណបក្សនេះបានប្រព្រឹត្ត មិនអាចអត់អោនឲ្យបាន»។
សូមជំរាបថា រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពុំបានពឹងពាក់មេធាវីឱ្យការពារក្ដីនៅតុលាការកំពូលទេ។ បញ្ហានេះក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បញ្ជាក់ថា ទោះបីគណបក្សសង្គ្រោះជាតិ ពុំបានដាក់មេធាវី ក៏តុលាការកំពូលអាចបន្តនីតិវិធីបានដែរ៕