(ភ្នំពេញ)៖ ការរង្គោះរង្គើរជើងក្រោមរបស់គណបក្សសង្គ្រោះជាតិ កាន់តែខ្លាំងហើយ ក្រោយវីដេអូឃ្លឹបបញ្ជាក់ថា លោក កឹម សុខា ក្បត់ជាតិឱនក្បាលបម្រើបរទេស ដែលជាក់ស្ដែងសកម្មជនចំនួនសរុប១,៧៤២នាក់ ក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ១៣៦នាក់, ខេត្តព្រៃវែង៤១៧នាក់, ខេត្តស្វាយរៀប៧៤នាក់, ខេត្តបន្ទាយមានជ័យ១,០២៣នាក់ និងខេត្តពោធិ៍សាត់៤០នាក់ បានប្រកាសដើរចេញពីបក្ស ហើយមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបានគិតត្រឹមល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយនឹងការប្រកាសចុះដោយគ្មានការស្ដាយស្រណោះនោះ ពួកគេសុទ្ធតែបានអះអាងថា ការដែលពួកគេប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីបានឃើញនូវវីដេអូ ញុះញង់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលឱនក្បាលបម្រើបរទេស ហើយក្បត់ជាតិឯង។
សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាខាងលើនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរៀងៗខ្លួន។
សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖