(ភ្នំពេញ)៖ ស្របពេលដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នឹងត្រូវតុលាការកំពូលបើកសវនាការលើបណ្តឹងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ គណបក្សសញ្ជាតិកម្ពុជា បានចចេញសេចក្តីថ្លែងការណ៍ប្រកាសជាសាធារណៈ ដោយទទូចឲ្យ តុលាការកំពូល ត្រូវតែកាត់សេចក្តីរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃស្អែក ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តែម្តង មិនត្រូវពន្យារពេលតទៅមុខទៀតឡើយ ដើម្បីឲ្យស័ក្តិសមនឹងទោសកំហុស ដែលគណបក្សនេះបានប្រព្រឹត្ត មិនអាចអត់អោនឲ្យបាន។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ថា «បើគណបក្សសង្រ្គោះជាតិនៅតែបន្តសកម្មភាពតទៅទៀតនោះសន្តិភាព នឹងមិនកើតមានឡើយ។ ហេតុដូច្នេះហើយ បានជាគណបក្សសញ្ជាតិកម្ពុជា នៅតែទទូចសុំឲ្យតុលាការកំពូល ត្រូវតែកាត់សេចក្តីរំលាយគណបក្សសង្រ្គោះជាតិនៅថ្ងៃស្អែក ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តែម្តង មិនត្រូវពន្យារពេលតទៅមុខទៀតឡើយ ដើម្បីឲ្យស័ក្តិសមនឹងទោសកំហុសដែលគណបក្សនេះបានប្រព្រឹត្ត មិនអាចអត់អោនឲ្យបាន»។
គណបក្សសញ្ជាតិកម្ពុជា សង្ឃឹមថា ព្រះអាទិត្យត្រូវតែអស្តង្គតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ មិនអាចជៀសផុតឡើយ ហើយសុខសន្តិភាព នឹងបន្តកើតឡើង នៅលើទឹកដីកម្ពុជា ហើយលទ្ធិប្រជាធិបេតយ្យ ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ យុត្តិធម៌ និងការអភិវឌ្ឍ នៅតែដំណើរការ តាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញារបស់កម្ពុជា។
សូមជំរាបថា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
គណបក្សប្រឆាំងសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី មានរូបសញ្ញា «ភ្លើងទៀន» របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញា «ព្រះចន្ទ» របស់លោក កឹម សុខា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គណបក្សប្រឆាំងមួយនេះ បានចូលរួមបោះឆ្នោតចំនួនពីរលើក គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សមួយ នេះទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សមួយនេះ ក៏បានចូលរួមបោះឆ្នោតម្តងទៀត គឺការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយទទួលបានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥,០០៧នាក់ និងទទួលបានតំណែងមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ តុលាការកំពូលរបស់កម្ពុជា នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលប្តឹងឲ្យរំលាយគណបក្សប្រឆាំងមួយនេះហើយ។
លទ្ធផលគេមិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ តែបើតាមក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ដោយយោងទៅលើភស្តុតាងដែលដាក់បន្ទុកនោះ គឺគណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏បានបង្ហាញការជឿជាក់រហូតដល់ទៅជាង ៩៩ភាគរយថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវតុលាការកំពូលរំលាយផងដែរ។
ការបើកសវនាការលើបណ្តឹងរំលាយគណបក្សប្រឆាំងនៅថ្ងៃស្អែកនេះ ត្រូវបានកងកម្លាំងសមត្ថកិច្ចរៀបចំផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងបំផុត។
កងកម្លាំងសមត្ថកិច្ចទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ រួមជាមួយរនាំងដែកជាច្រើនត្រូវបានគេយកទៅដាក់ពង្រាយនៅជុំវិញបរិវេណតុលាការកំពូល និងតាមដងផ្លូវមួយចំនួនចូលទៅកាន់តុលាការកំពូល។
ការបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់នេះ បានធ្វើឡើងបន្ទាប់ពីការទទួលបានព័ត៌មានថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ នឹងនាំគ្នាទៅតវ៉ាប្រឆាំងការសម្រេចរបស់តុលាការកំពូល តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស៕