(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនៅចំពោះមុខប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។
ក្នុងញត្តិគាំទ្រធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ បានបង្ហាញភាពស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលមិនត្រឹមតែបានប្រឹងប្រែងក្នុងការតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងប្រឹងប្រែងស្តារអភិវឌ្ឍន៍ប្រទេសជាតិ នាំភាពរីកចម្រើនជូនប្រជាជនប៉ុណ្ណោះទេ តែពេលនេះសម្តេចបានតតាំងដោយផ្ទាល់ជាមួយមេដឹកនាំពិភពលោក ដើម្បីទាមទាររកយុត្តិធម៌ជូនជាតិ និងប្រជាជន ដែលរងការបំពានដោយសហរដ្ឋអាមេរិកកាលពីអតីតកាលថែមទៀត។
ក្នុងញត្តិបានគូសបញ្ជាក់យ៉ាងដូច្នេះ «ប្រសាសន៍ដ៏ថ្លៃថ្លា និងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នៅលើឆាកអន្តរជាតិនាពេលនេះ ពិតជាទទួលយកនូវការគោរពដ៏ធំធេងបំផុត ជាតស៊ូមតិក្នុងផ្លូវការការទូតដ៏វាងវៃ ដើម្បីជាផលប្រយោជន៍រួម មិនត្រឹមសម្រាប់ប្រជាជនកម្ពុជាទាំងមូល គឺដើម្បីសុខសន្តិភាពរបស់ពិភលោកទាំងមូលផងដែរ។ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិមួយ ធានាបាននីរន្តភាព ដរាបណា ឯករាជ្យភាពជាតិ និងអធិបតេយ្យនៃប្រទេសជាតិនោះ ទទួលបានការការពារ និងការគោរពពេញលេញ»។
សូមបញ្ជាក់ថា ការចេញញត្តិគាំទ្រនេះ បានធ្វើឡើងក្រោយសម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានថ្លែងដោយ ផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះនយោបាយមិនជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ ជាពិសេសបានថ្លែងបង្ហាញពីទុក្ខវេទនារបស់កម្ពុជា ដោយសារនយោបាយជ្រែតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអតីតកាល៕