(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រកាសថា កម្លាំងទាំងមូលរបស់ខណ្ឌ ទាំងអាជ្ញាធរ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងប្រជាការពារទាំងអស់ បានត្រៀមរួចជាស្រេចហើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណតុលាការកំពូល ស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ ដែលគ្រោងកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ នាថ្ងៃស្អែកនេះ។
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ អភិបាលខណ្ឌដូនពេញ បានជួបសំណេះសំណាលជាមួយកងកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ និងមានការចូលរួមពីលោក លោកស្រី អភិបាលរង លោកនាយក នាយករង និងមន្ត្រីក្រោមឱវាទទាំងអស់ ។
ក្នុងនោះលោកអភិបាលក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់ និងអនុវត្តន៍ការងារទៅតាមបទបញ្ជាឲ្យបានល្អ ដើម្បីថែររក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋទូទៅ។
នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់កងកម្លាំងរួមមាន៖ ឧបត្ថម្ភអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំនួន១,០០០,០០០រៀល និងកម្លាំងអធិការនគរបាលខណ្ឌចំនួន ៩៣នាក់/ម្នាក់ ២០,០០០រៀល ទឹកក្រូច៣០កេះ ទឹកបរិសុទ្ធ៣០កេះ, ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន១,០០០,០០០រៀល និងកម្លាំងកងរាជអាវុធហត្ថចំនួន៧៨នាក់/ម្នាក់ ២០,០០០រៀល ទឹកក្រូច ២០កេះ ទឹកបរិសុទ្ធ ២០កេះ, ឧបត្ថម្ភផ្នែកប្រជាការពារចំនួន១,០០០,០០០រៀល និងកម្លាំងប្រជាការពារខណ្ឌចំនួន៧៨នាក់/ម្នាក់ ២០,០០០រៀល ទឹកក្រូច ២០កេះ ទឹកបរិសុទ្ធ ២០កេះសរុបថវិកាចំនួន៧,៩៨០,០០០រៀល៕