(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មានអាយុ៥ឆ្នាំ និង៤ខែហើយ នឹងត្រូវតុលាការកំពូលនឹងបើកសវនាការលើបណ្តឹងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ស្របពេលនេះជាមួយនេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជា គណបក្សមួយជាអ្នកប្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃស្អែកស្នើឲ្យតុលាការកំពូលកាត់រំលាយតែម្តង ដោយមិនពន្យាពេល។
គណបក្សយុវជនកម្ពុជា ដែលជាអ្នកប្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ថ្ងៃលិច គឺជាច្បាប់ធម្មជាតិ....! ដូច្នេះខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកតុលាការកំពូលមិនរារាំងថ្ងៃមិនឲ្យលិចនោះទេ ពីព្រោះវា គឺជាច្បាប់ធម្មជាតិ ហើយក៏ជាកាលនៃថ្ងៃដែលត្រូវលិចផងដែរ។ ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់ សង្ឃឹមថា តុលាការកំពូលនឹងកាត់ក្តីរំលាយគណបក្សសង្រ្គោះជាតិ ដោយផ្អែកលើច្បាប់ជាធរមាន ដោយមិនលាយលំនិងនយោបាយនោះទេ»។
សូមជំរាបថា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
គណបក្សប្រឆាំងសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី មានរូបសញ្ញា «ភ្លើងទៀន» របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញា «ព្រះចន្ទ» របស់លោក កឹម សុខា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គណបក្សប្រឆាំងមួយនេះ បានចូលរួមបោះឆ្នោតចំនួនពីរលើក គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សមួយ នេះទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សមួយនេះ ក៏បានចូលរួមបោះឆ្នោតម្តងទៀត គឺការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយទទួលបានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥,០០៧នាក់ និងទទួលបានតំណែងមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ តុលាការកំពូលរបស់កម្ពុជា នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលប្តឹងឲ្យរំលាយគណបក្សប្រឆាំងមួយនេះហើយ។
លទ្ធផលគេមិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ តែបើតាមក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ដោយយោងទៅលើភស្តុតាងដែលដាក់បន្ទុកនោះ គឺគណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏បានបង្ហាញការជឿជាក់រហូតដល់ទៅជាង ៩៩ភាគរយថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវតុលាការកំពូលរំលាយផងដែរ។
ការបើកសវនាការលើបណ្តឹងរំលាយគណបក្សប្រឆាំងនៅថ្ងៃស្អែកនេះ ត្រូវបានកងកម្លាំងសមត្ថកិច្ចរៀបចំផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងបំផុត។
កងកម្លាំងសមត្ថកិច្ចទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ រួមជាមួយរនាំងដែកជាច្រើនត្រូវបានគេយកទៅដាក់ពង្រាយនៅជុំវិញបរិវេណតុលាការកំពូល និងតាមដងផ្លូវមួយចំនួនចូលទៅកាន់តុលាការកំពូល។
ការបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់នេះ បានធ្វើឡើងបន្ទាប់ពីការទទួលបានព័ត៌មានថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ នឹងនាំគ្នាទៅតវ៉ាប្រឆាំងការសម្រេចរបស់តុលាការកំពូល តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស៕