(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ថ្ងៃពុធទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាជាមួយដៃគូជប៉ុន JICS ( Japan International Cooperation System) ទទួលជំនួយចំនួនជាង៧លានដុល្លារអាមេរិក សម្រាប់បម្រើដល់ប្រតិបត្តិការដោះមីន និងជួយជនពិការនៅកម្ពុជា។
លោក ហេង រតនា បានបញ្ជាក់ប្រាប់បណ្តាញអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា ការចុះហត្ថលេខានេះ មាន២គំរោងផ្សេងគ្នា ដោយទី១ មានទឹកប្រាក់៣,៥៣៦,៧០០ដុល្លារ អនុវត្តគំរោងសមារហកម្មការបោសសំអាតមីន និងការជួយសង្គ្រោះជនពិការ ដោយសារមីន សំរាប់គាំទ្រកំលាំងប្រតិបតិ្តការ ចំនួនជិត៥០០នាក់ សំរាប់រយៈពេល១២ខែ (មករា-ធ្នូ ២០១៨) ដែលត្រូវប្រតិបតិ្តការ នៅបណ្តាស្រុកគោលដៅ ស្ថិតនៅខេត្តបាត់ដំបង។
អគ្គនាយករូបនេះបានបន្ថែមថា សម្រាប់គម្រោងទៅទី២ គឺចុះហត្ថលេខាកិច្ចសន្យាទិញសំភារៈបន្ថែម មានគ្រឿងចក្រកំទេចមីនចំនួន៥គ្រឿង និងតង់ស្នាក់នៅរបស់អ្នកដោះមីនចំនួន៤៦តង់ ដែលមានថវិកាសចំនួនជាង៣,៧៤២,៥៩២ដុល្លារ។ គ្រឿងចក្រកំទេចមីនធន់ធ្ងន់ និងតង់នឹងមកដល់កម្ពុ ជានៅខែមិនា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ហេង រតនា បញ្ជាក់ថា «ដូចនេះគំរោងទាំង២នេះ មានថវិកាសរុបចំនួនជាង ៧លាន៣សែនដុល្លារអាមេរិក សំរាប់កិច្ចប្រតិបតិ្តការក្នុងឆ្នាំ២០១៨ខាងមុខនេះ»។
ជាមួយគ្នានេះ ប្រមុខដឹកនាំស៉ីម៉ាក់រូបនេះ ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់កំលាំងប្រតិបតិ្តការរបស់ស៉ីម៉ាក់និងប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។
គួរបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក លី កឺជាង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន រដ្ឋាភិបាលចិន បានសន្យាថា នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យបានឆាប់រហ័ស៕