(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានវិជ្ជាជីវៈ Zibo នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រតិបត្តិការលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសផ្នែកអេឡិចត្រូនិច និងព័ត៌មានវិទ្យា រយៈពេល៥ឆ្នាំ។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងារជាមួយលោក Ji Xiang Qi អភិបាលរងខេត្តសានទុង ដែលដឹកនាំគណៈប្រតិភូ ក្នុងនោះមកខេត្តសានទុង វិទ្យាស្ថានវិជ្ជាជីវៈ Zibo និងសភាពាណិជ្ជកម្មចិន នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ភាគីទាំងពីរបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានយ៉ាងល្អស្របទៅតាមទស្សនវិស័យ ដែលប្រមុខដឹកនាំប្រទេសទាំងពីរ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ដែលធ្វើឱ្យកិច្ចសហប្រតិបតិ្តការនេះ ឈានដល់ម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
នៅក្នុងជំនួបនាថ្ងៃនេះ ភាគីទាំងក៏បានសម្ដែងនូវការប្តេជ្ញារួមគ្នា ក្នុងការសហការឱ្យកាន់តែជិតស្និទ្ធ ស្របទៅតាមគោលនយោបាយ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញ។ ក្នុងការអនុវត្តទៅតាមគោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន ដើម្បីឱ្យការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងខេត្តសានទុង ពង្រីកបានលើវិស័យផ្សេងៗទៀត ភាគីទាំងពីរបានរៀបចំឱ្យមានជាការកសាងទំនាក់ទំនងដៃគូការងារ TVET ជាមួយ និងគ្រឹះស្ថាន TVET ពិភាក្សាពីលទ្ធភាពបង្កើតវិទ្យាស្ថានវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជាជាពិសេសក្រុមហ៊ុនពីខេត្តសានទុង ដែលមកវិនិយោគនៅប្រទេសកម្ពុជា សិក្សាពីលទ្ធភាពបញ្ជូនសិស្សកម្ពុជាទៅសិក្សានៅប្រទេសចិន សិក្សាពីលទ្ធភាពបង្កើតក្រុមអប់រំវិជ្ជាជីវៈ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានវិជ្ជាជីវៈ Zibo នៅកម្ពុជា។
ក្រោយពីជំនួបពិភាក្សប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់រយៈពេល៥ឆ្នាំ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ ជាមួយវិទ្យាស្ថានវិជ្ជាជីវៈ Zibo នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវិទ្យាស្ថានវិជ្ជាជីវៈ Zibo នឹងផ្តល់អាហារូបករណ៍សម្រាប់និស្សិតវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម សហប្រតិបត្តិក្នុងការបង្កើតកម្មវិធីកម្រិតសិក្សារួមគ្នា តាមរយៈការទទួលស្គាល់មុខវិជ្ជាសិក្សា និងប្រព័ន្ធក្រេឌីតជាទ្វេភាគី ដោយធ្វើឱ្យមុខវិជ្ជាសិក្សាថ្នាក់សាកលវិទ្យាល័យ ត្រូវបានសិក្សានៅវិទ្យាស្ថាន និងបំពេញសេចក្តីត្រូវការ ក្រោយពេលបញ្ចប់ការសិក្សាដទៃទៀត សិក្សាលទ្ធភាពដើម្បីបង្កើតការបង្រៀនមួយជាមួយគ្នា ភាគីទាំងពីរនឹងសិក្សាលទ្ធភាពក្នុងការបង្កើតក្រុមអប់រំវិជ្ជាជីវៈ Zibo សាខាភ្នំពេញ ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ពីក្រុមអប់រំវិជ្ជាជីវៈ Zibo ឱ្យក្លាយទៅជាធនធានមានទេពកោសល្យ តាមបណ្តាប្រទេសដែលប្រើយុទ្ធសាស្ត្រក្រវាត់មួយផ្លូវមួយ៕