(ស្វាយវៀង)៖ បឹងដូនទយ បានក្លាយទៅជាទីកន្លែង លំហែកាយងួតទឹកលេងកំសាន្ត របស់ពលរដ្ឋនៅខេត្តស្វាយរៀង ពីព្រោះនៅចំណុចស្ពានបង្ហៀរទឹកបឹងដូនទយនេះ ពិតជាមានភាព ទាក់ទាញគួរឲ្យចង់ទស្សនា និងងួតទឹកលេងកំសាន្តយ៉ាងសប្បាយរីករាយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ តំបន់ដូនទយនេះ មានផ្ទៃបឹងធំធេង ហើយមានខ្យល់អាកាសបរិសុទ្ធ និងមានទឹកថ្លាល្អហូររឹមៗ នៅក្រោមស្ពាន។
យោងតាមពីអាជ្ញាធរនៅតំបន់នោះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ទំនប់បង្ហៀរទឹកស្ពានដូនទយនេះ កសាងឡើង ដោយអាជ្ញាធរដែនដី និងក្រសួងធនធានទឹក និងឧត្តុនិយម បានស្ថាបនាស្ពានបង្ហៀរទឹកដូនទយ និងស្តុបទឹកបង្កើតជាតំបន់លំហែកាយ ព្រមទាំងជាជំម្រកត្រីដ៏សម្បូរបែប។ មិនតែប៉ុណ្ណោះ បានស្តុបទឹកធ្វើឲ្យប្រជាពលរដ្ឋ ធ្វើស្រែទាំងរដូវប្រាំង និងវស្សាផងដែរ។
បើតាមប្រជាពលរដ្ឋ ដែលមកកំសាន្តនៅស្ពានដូនទយនេះ បានឲ្យដឹងថា កន្លងមកនៅតំបន់នេះ គឺមានភាពស្ងាត់ណាស់ ពុំមានមនុស្សអ៊ូអរនោះទេ ប៉ុន្តែទើបតែនៅឆ្នាំនេះ បន្ទាប់ពីបាន យកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងមន្ទីរធនធានទឹក ខេត្តស្វាយរៀង បានស្ថាបនាស្ពាន និងធ្វើទ្វារទឹកស្តុបទឹក ព្រមទាំងបានធ្វើទំនប់អមសងខាង បានធ្វើឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរជុំវិញបឹងដូនទយ ធ្លងកាត់ទៅភូមិកំណើតរបស់ពួកគាត់។ ហើយទំនប់បង្ហៀរទឹកដូនទយនេះ គឺស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ពលរដ្ឋបន្តឲ្យដឹងទៀតថា ភាគច្រើនគឺមានមនុស្សមកលេង នៅថ្ងៃអាទិត្យ និងថ្ងែបុណ្យ គឺមានបងប្អូនប្រជាពលរដ្ឋមកពីបាវិតជីភូ ក្រុងស្វាយរៀង ជាពិសេស កម្មករ-កម្មការនីរោងចក្រ បានដែលមកលែងទឹកស្ពានដូនទយយ៉ាងច្រើនកុះករ ធ្វើឲ្យបងប្អូនអ្នកស្រុក បានបង្កើតមុខរបបរកស៊ីលក់ដូរ រកកម្រៃប្រចាំថ្ងែដោះស្រាយ ក្នុងជីវភាពបានធូរធាជាងមុន រីឯអ្នកស្រុក នៅតំបន់នោះ បានរកត្រីជាលក្ខណៈគ្រួសារបានរៀងរាល់ថ្ងៃ សម្រាប់ធ្វើម្ហូរជាលក្ខណៈគ្រួសារ និងឆ្លៀតលក់ត្រីស្រែនេះ ទៅឲ្យពលរដ្ឋនៅភូមិជាមួយគ្នា និងនៅភូមិផ្សេងៗទៀត។
ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរខេត្ត និងស្ថាប័ន ដែលមានការពាក់ព័ន្ធជួយបង្តើតតំបន់នេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ព្រោះកន្លែងនេះ ក៏បរិយាកាសល្អពីធម្មជាតិ និងសង្ឃឹមថា នៅឆ្នាំជាបន្តបន្ទាប់ទៀត នឹងមានការរៀបចំពីមន្ទីរជំនាញបានល្អ និងមានរបៀបរៀបរយជាក់ជាមិនខានឡើយ ព្រោះខេត្តស្វាយរៀង ពុំមានតំបន់ទេសចរណ៍ ដែលគួរឲ្យទាក់ទាញនោះទេ ពោលគឺមានតែតំបន់រមណីយដ្ឋានព្រៃបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ និងក្រុងបាវិត តំបន់សម្បូរកាស៊ីណូតែប៉ុណ្ណោះ៕