(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គិតពីចាប់ឆ្នាំ១៩៩០ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧នេះ មានយានយន្ដជាង ៤លានគ្រឿង បានចុះបញ្ជី ក្នុងនោះរថយន្ដធុនស្រាល ៣៧៧,៣៩៦គ្រឿង, រថយន្ដធុនធ្ងន់ ២១៧,៧៦៥ គ្រឿង និងទោចក្រយានយន្ដ ៣,៤៤២,៩២៦គ្រឿង។
ក្រសួងសាធារណការ បានឲ្យដឹងដែរថា គិតចាប់ពីខែសីហា ឆ្នាំ២០១៦ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៧ ការចុះបញ្ជីយានយន្ដ តាមប្រព័ន្ធស្វ័យប្រវិត្តកម្មថ្មី រួមមាន៖ រថយន្ដធុនស្រាលចំនួន ៦៤,០៤១ គ្រឿង, រថយន្ដធុនធ្ងន់ចំនួន ១០,២៩៩ គ្រឿង និងទោចក្រយានយន្ដចំនួន ៤១២,០៩៩ គ្រឿង។
ដោយឡែកការផ្តល់បណ្ណបើកបរគិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ខែកញ្ញា ឆ្នាំ២០១៧ មានចំនួន ១,១៩៦,៣៩៦បណ្ណ នៅទូទាំងប្រទេស ក្នុងនោះ ១៦ខែឆ្នាំ២០១៧នេះ ប្ដូរ-ពន្យារបណ្ណបើកបរមានចំនួន ៤២,០៧៤បណ្ណ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន៣ ជួយសម្រួលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។
ក្រសួងសាធារណការ ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួន៕