(វែនគូវឺ-កាណាដា)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ពីជំហរថា កម្ពុជានឹងបង្កើនចំនួន​ស្ត្រីជាកងទ័ពមួកខៀវកម្ពុជាឲ្យបាន១៥% ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងបញ្ជាក់បែបនេះក្នុងជំនួបទ្វេភាគីជាមួយលោក The Hon.HarjitS.Sajjan រដ្ឋមន្ត្រីការពារជាតិកាណាដា មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅទីក្រុងវែនគូវឺ «សម្តេចពិជ័យសេនា ទៀ បាញ់  បានជំរាបជូនរដ្ឋមន្ត្រីការពារជាតិកាណាដា អំពីជំហររបស់កម្ពុជា ក្នុងការបង្កើនចំនួនស្រី្ត កងទ័ពមួកខៀវកម្ពុជាឲ្យបាន១៥ភាគរយ ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។

សម្តេចពិជ័យសេនា ទៀ បាញ បានបញ្ជាក់ថា កម្លាំងស្រីកងទ័ពមួកខៀវ គឺមានតួនាទីចូលរួមចំណែកទប់ស្កាត់អំពើហិង្សាលើស្រ្តីនៅក្នុងតំបន់ មានជម្លោះ។ ទាក់ទងទៅនឹងការស្នើសុំការគាំទ្រពីកម្ពុជា លើគោលការណ៍ វែនគូវឺ ស្តីពីការកាត់បន្ថយទាហានកុមារ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការគាំទ្រចំពោះគោលការណ៍នេះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា កិច្ចការងារមួយនេះមិនមែនទើបតែធ្វើនោះទេ គឺកម្ពុជាបានធ្វើតាំងពីពេលមុនៗ មកតាមរយៈជំនួបពិភាក្សា នោះភាគីទាំងពីរ ចាត់ទុកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ នេះមានសារៈសំខាន់ ដែលបាននាំមកនូវគំនិតផ្តួចផ្តើមថ្មី និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗផងដែរ។

លោក The Hon.HarjitS.Sajjan រដ្ឋមន្ត្រីការពារជាតិកាណាដា បានថ្លែងអំណរគុណចំពោះការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្រតិបត្តិការថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយកិច្ចប្រជុំដែលប្រទេសកាណាដា ធ្វើជាម្ចាស់ផ្ទះនាពេលនេះបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត ចំពោះការចូលរួមការថែររក្សាសន្តិភាពពិភពលោក។

លោក The Hon.HarjitS.Sajjan បានកោតសរសើរដល់ការដឹកនាំរបស់កម្ពុជា ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពជាពិសេសការជំរុញចំនួនកម្លាំងស្ត្រី ឲ្យបានឡើងដល់១៥ ភាគរយ។ រដ្ឋមន្ត្រីការពារជាតិកាណាដា ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមគោលការណ៍ វែនគូវឺ ដែលត្រូវដាក់បញ្ចូលក្នុងកិច្ច ប្រជុំនេះ ស្តីពីការកាត់បន្ថយចំនួនទាហានកុមារព្រមទាំង បានសុំការគាំទ្រពីកម្ពុជាផងដែល៕