(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ជុំវិញការចរចាជាមួយភាគីអាមេរិក ពាក់ព័ន្ធករណីបញ្ជូនពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ឲ្យត្រឡប់មកកម្ពុជាវិញ ទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ធ្វើការលើបញ្ហាមួយចំនួនជាមួយអាមេរិក ដើម្បីឲ្យស្របតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០០២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ។
ការសម្រេចប្រគល់ភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សា លើរបាយការណ៍ធ្វើសម្ភាសន៍ ជាមួយពលរដ្ឋខ្មែរភៀសខ្លួនក្នុងសម័យសង្គ្រាមដែលបច្ចុប្បន្នពុំទាន់បានចូលសញ្ជាតិអាមេរិក និងកំពុងរស់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងពាក់ព័ន្ធរួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងក្រសួងយុត្ដិធម៌។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើបញ្ជីឈ្មោះពលរដ្ឋខ្មែរ ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចាត់បញ្ជូនមន្ដ្រីជំនាញ ទៅធ្វើសម្ភាសន៍នាពេលកន្លងមក នៅសហរដ្ឋអាមេរិក ក្នុងគោលបំណងកំណត់អន្ដសញ្ញាណឲ្យបានជាក់លាក់ ដើម្បីធ្វើឲ្យការងារគ្រប់គ្រង និងការធ្វើសមាហរណកម្ម ពលរដ្ឋខ្មែរទាំងនោះ ទៅក្នុងសង្គមកម្ពុជា ប្រព្រឹត្ដទៅប្រកប ដោយប្រសិទ្ធភាព។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើបញ្ជីឈ្មោះ និងសំណុំឯកសារ របស់ពលរដ្ឋខ្មែរទាំងនោះរួមមាន៖ អង្គប្រជុំបានប្រគល់ភារកិច្ច ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដើម្បីបន្ដជួបពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិក លើការងារចាំបាច់មួយចំនួនបន្ថែមទៀត ដើម្បីឈានទៅអនុវត្ត MoU ឆ្នាំ២០០២ ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែរីកចម្រើនថែមទៀត បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ៕