(ព្រះវិហារ)៖ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ល្ងាចថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកវគ្គផ្សព្វផ្សាយមួយស្តីពី «ចំណេះដឹងមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ» ដល់ប្រជាពលរដ្ឋនិងមន្ត្រី ដល់ប្រជាពលរដ្ឋអាជីវករនិងគោលដៅចំមួយនួន។ វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងដោយកិច្ចសហការរវាង សាខាកាំកុងត្រូលខេត្តព្រះវិហារ មន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូល ដែលដឹកនាំវគ្គផ្សព្វផ្សាយនេះ បានឲ្យដឹងថា វគ្គផ្សព្វផ្សាយដូចគ្នានេះ ត្រូវធ្វើឡើងផ្ទួនៗគ្នា ក្នុងស្រុកចំនួនពីរ គឺស្រុកជាំក្សាន្ត និងស្រុក សង្គមថ្មី ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនអាជីវករយល់ដឹង នូវចំណេះដឹងទូទៅអំពីសុវត្ថិភាពម្ហូបអាហារ ដែលជាអទិភាពចំបងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពម្ហូបអាហារ មកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សុខភាពសាធារណៈគឺជាកត្តាសំខាន់បំផុត ក្នុងការស្តារអភិវឌ្ឍន៍ ប្រទេសជាតិ ពិសេសលើវិស័យសេដ្ឋកិច្ចនិងអប់រំ។ ប្រទេសមួយរុងរឿងទៅបាន អាស្រ័យដោយធនធានមនុស្សក្នុងប្រទេសនោះមានការរីកចំរើនខ្ពស់។ ធនធានមនុស្សរីកចំរើនទៅបាន គឺអាស្រ័យដោយ គឺអាស្រ័យដោយប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ និងកាយសម្បទារឹងមាំផងដែរ។ កត្តាសំខាន់បំផុត ដែលធ្វើឲ្យពលរដ្ឋ មានសុខភាពល្អប្រសើរ គឺការហូបចុកប្រកបដោយសុវត្ថិភាពនេះឯង។
លោកបន្ថែមថា ឆ្លើយតបនិងផលប្រយោជន៍ខាងលើ ប្រធានបទសំខាន់ៗមួយចំនួន ដែលត្រូវបានលើកយកមកឧទ្ទេសនាមក្នុងពេលនេះរួមមាន៖ ការយល់ដឹងត្រួសៗ អំពីសុវត្ថិភាពម្ហូប អាហារ ពីកសិដ្ឋានដល់តុបរិភោគ, វិធីសាស្ត្រសមញ្ញទាំងប្រាំ តែមានសារៈសំខាន់បំផុត ក្នុងការថែរក្សារ ការញែក ការចំអិន កុំឲ្យមានបាក់តេរីបង្ករោគលូតលាស់ក្នុងម្ហូបអាហារ, ផលវិបាកដល់សុខភាពក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ, ចំណាត់ការ ផ្លូវច្បាប់ សំរាប់បទល្មើសម្ហូបអាហារ, សិទ្ធ កាតព្វកិច្ច និងការចូលរួមទទួលខុសត្រូវ របស់ អ្នកប្រើប្រាស់ម្ហូបអាហារ ចំពោះសុខភាពសាធារណៈ។
សារៈសំខាន់ដល់សុខភាពក្នុងការប្រើប្រាស់ទឹកស្អាត អនាម័យបរិស្ថានរស់នៅ សារៈសំខាន់ នៃការប្រើប្រាស់អំបិលដែលមានសាធាតុអ៊ីយ៉ូត ដែលគេនិយមហៅទូទៅថាជាអំបិលអ៊ីយ៉ូត ក៏ត្រូវបានលើមកឧទ្ទេសនាមក្នុងវគ្គផ្សព្វផ្សាយនេះដែរ។
បើតាមលោក ដួង មុនី ចំនួនអាជីវករ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូបអាហារ នៅសាលាស្រុកជាំក្សាន្តនេះមានចំនួន ៩០ នាក់ ហើយចំនួន ប្រជាពលរដ្ឋប្រហាក់ប្រហែលគ្នានេះ និងចូលរួមក្នុងវគ្គផ្សព្វផ្សាយដូចគ្នានេះ នៅសាលាស្រុក សង្គមថ្មី ក៏មានប្រជាពលរដ្ឋជាង៩០នាក់ចូលរួមក្នុងវគ្គផ្សព្វផ្សាយដូចគ្នានេះ ៕