(ភ្នំពេញ)៖ លោកបណ្ឌិត Frank Hoffer ប្រធានប្រតិភូតំណាងក្រុមហ៊ុនម៉ាកសម្លៀកបំពាក់ល្បីៗលើពិភពលោក និងក្រុមហ៊ុនលក់រាយ ក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរ (ACT-Action, Collaboration, Transformation) បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងកិច្ចពិភាក្សាឲ្យកាន់តែច្រើន រវាងប្រតិភូ ACT ជាមួយក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារពាក់ព័ន្ធដទៃទៀត ក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជា។

សំណើនេះត្រូវបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ដឹកនាំតំណាងក្រុមហ៊ុន H&M, Next, C&A, Debenhams, Inditex, Kmart-Australia, Primark និង IndustriALL ចូលជួបពិភាក្សាជាមួយ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីដំណើរវិវត្តថ្មីៗនៅក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជា។

លោកបណ្ឌិត Frank Hoffer បានកោតសរសើរចំពោះកំណែទម្រង់នានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតសិក្ខាសាលានានា ដោយមានការចូលរួមពីភាគីក្រសួងពាណិជ្ជកម្ម អ្នកបញ្ជាទិញ (Buyers) សហជីព និងរោងចក្រ ដើម្បីប្រមូលធាតុចូលថ្មីៗសំដៅរៀបចំយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យនេះ។

លោកបណ្ឌិត ក៏បានស្នើឲ្យមានការថ្លឹងថ្លែង រវាងការបង្កើនប្រាក់ឈ្នួលអតិបរមា និងផលិតភាពការងាររបស់កម្មករ-កម្មការនី ដើម្បីចៀសវៀងធ្វើឲ្យភាគីណាមួយរងគ្រោះ ដោយសារគោលនយោបាយកំណត់ប្រាក់ឈ្នួល។

ជាការឆ្លើយតបលោក ឱក ប៊ុង បានគូសបញ្ជាក់ថា កន្លងមកកម្ពុជាទទួលបានផលចំណេញតិចតួចពីវិស័យកាត់ដេរ ដោយសារបញ្ហាកង្វះខាតបច្ចេកវិទ្យា រួមជាមួយខ្សែសង្វាក់តម្លៃសម្រាប់វិស័យនេះនៅមានកម្រិតទាប។

លោករដ្ឋលេខាធិការ បានស្នើឲ្យក្រុមហ៊ុនបញ្ជាទិញ (Buyers) ចូលរួមធ្វើការ​វិនិយោគ និងផ្ទេរនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យនេះ ដើម្បីធ្វើឲ្យកម្ពុជាមានលទ្ធភាពផលិតគ្រប់គ្រាន់ តាំងពីការកែច្នៃវត្ថុធាតុដើម រហូតដល់ ផលិតផលសម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនេះ លោក ឱក ប៊ុង ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត Frank Hoffer ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅក្នុងប្រទេសកម្ពុជា និងបានស្នើឲ្យមានការពិភាក្សាបន្ថែមលើប្រធានបទនេះ នៅក្នុងជំនួបលើកក្រោយ៕