(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំពិធីក្រុងពាលី ថតខ្សែភាពយន្តភាគថ្មី មានចំណងជើងថា «ភូមិគ្រឹះ១០០ល្បិច» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលជាភាពយន្តមួយ ត្រូវបានអ្នកដឹកនាំសម្ដែងអះអាងថា បានឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ ក្នុងសម័យលង្វែក ខណៈតួអង្គក្នុងរឿងទាំងអស់ តម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណី នាសម័យបុរាណនោះ។
ក្នុងពិធីក្រុងពាលីនាព្រឹកមិញនេះ គេសង្កេតឃើញ មានវត្តមានលោក នុតតាថាវុធ ប៉ូទីថារ៉ូ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំ របស់ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ និងសិល្បករ-សិល្បការិនីល្បីៗ ជាច្រើនដួង។
លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យ កម្មវិធីផ្សាយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ បានថ្លែងថា ដោយសារតែសាច់រឿងទាំងមូល បានបង្ហាញទិដ្ឋភាពទាំងស្រុង នាសម័យកាលលង្វែក ដូច្នេះតួសម្ដែងទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ និងមានការតុបតែងខ្លួនឲ្យសមស្រប ទៅតាមសម័យកាលលង្វែក ដែលជាសម័យការមួយ មានសភាពរុងរឿង ហើយប្រជាពលរដ្ឋ មានការស្លៀកពាក់សមសួន គោរពតាមប្រពៃណីយ៉ាងខ្ជាប់ខ្ជួន។
លោកបន្តថា ភាពយន្តថ្មីនេះ មានចំនួន ២៥ភាគ និងដំណើរការថតរយៈពេល៣ខែ តាមបណ្តាខេត្តនានា។ ដោយក្នុងនោះមាន វត្តមានតារាល្បីៗចូលរួម ដូចជាលោក សាយ សៀរ៉ា, កញ្ញា ឆឹម វត្តី, លឹម មួយហ្គិច, លី ឌីណា, លោក ទេព រិទ្ឋីនី, កញ្ញា ភី ឌីម៉ៃ, កញ្ញា ដាវ ដារីកា និងតារាជាច្រើនទៀត ចូលរួមសម្ដែង។
លោក ស៊ិន សុផាតថា បានសង្កត់ធ្ងន់ថា ក្រោយរឿង «ភូមិគ្រឹះ១០០ល្បិច» នេះដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ កូនខ្មែរមួយចំនួន នឹងបានដឹង ហើយស្គាល់ពីម៉ូដសម្លៀកបំពាក់ ក្នុងសម័យកាលលង្វែក ជាក់ជាពុំខាន ថាតើក្នុងសម័យនោះ ប្រជាពលរដ្ឋក៏ដូចជាត្រកូលអភិជន មានការស្លៀកពាក់បែបណា ដើម្បីឲ្យត្រូវ របថនៃសង្គម។
សូមបញ្ជាក់ថា តាមការលើកឡើង ពីក្រុមអ្នកដឹកនាំសម្ដែង ប្រចាំនៅប៉ុស្តិ៍លេខ៥ បានរំពឹងថា ខ្សែភាពយន្តរឿង «ភូមិគ្រឹះ១០០ល្បិច» នេះ នឹងមានការគាំទ្រ ពីអ្នកទស្សនា ខណៈដោយសាច់រឿង បានសម្រាំងយកទាំងតួទើបល្បី និងតួលេចមុខមាត់ថ្មី ដើម្បីផ្តល់ឱកាសឲ្យបានសម្ដែងរួមគ្នាទាំងអស់៕