(ភ្នំពេញ)៖ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងកងទ័ពជើងទឹកទាំងអស់ បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងចំពោះ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនៅចំពោះមុខ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

ក្នុងញត្តិគាំទ្រដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយឧត្តមនាវី ទៀ វិញ និងកងទ័ពក្រោមឱវាទ បានបង្ហាញភាពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ នាយឧត្តមនាវី ទៀ វិញ បានលើកឡើងថា សម្តេចតេជោ មិនត្រឹមតែបានប្រឹងប្រែងក្នុងការតស៊ូរំដោះជាតិចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងប្រឹងប្រែងស្តារអភិវឌ្ឍន៍ប្រទេសជាតិ នាំភាពរីកចម្រើនជូនប្រជាជនប៉ុណ្ណោះទេ តែពេលនេះសម្តេចបានតតាំងដោយផ្ទាល់ជាមួយមេដឹកនាំពិភពលោក ដើម្បីទាមទាររកយុត្តិធម៌ជូនជាតិ និងប្រជាជន ដែលរងការបំពានដោយសហរដ្ឋអាមេរិកកាលពីអតីតកាលថែមទៀត។

ក្នុងញត្តិគាំទ្រនោះបានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នា ពិតជាកោតសសើរ ស្ញប់ស្ញែង និងគោរពដ៏ខ្ពង់ខ្ពស់បំផុត នូវភាពក្លាហាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាំងពីសម្តេចចេញរំដោះមាតុភូមិហើយបន្តដឹកនាំ ពុះពារការលំបាកស្វែងរកសន្តិភាពតាមរយៈការចចារជាមួយ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតមានកិច្ទព្រមព្រៀងក្រុងបារី បន្តអនុវត្តនយោបាយឈ្នះឈ្នះ ឯកភាពទឹកដីទាំងមូល។ មិនតែប៉ុណ្ណោះ ក្នុងកិច្ចប្រជុំកំពូលនៅហ្វីលីពីន សម្តេចបានបង្ហាញភាពក្លាហានបន្តទៀត ដោយថ្លែងត្រង់ទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីជំហរដឹកនាំដ៏ត្រឹមត្រូវ និងមឺងម៉ាត់របស់សម្តេចចំពោះការដឹកនាំ កម្ពុជា។ នេះជាមោទនភាពដ៏វិសេសវិសាលបំផុតដែលសម្តេចបានធ្វើសម្រាប់ជាតិ និងប្រជាជនកម្ពុជា»។

ក្នុងញត្តិបន្តថា «ប្រសាសន៍របស់សម្តេចតេជោ នៅចំពោះមុខរបស់ប្រធានាធិបតីអាមេរិក គឺជាតស៊ូមតិដោយស្មោះត្រង់ បំផុតក្នុងការទាមទារស្វែងរក យកយុត្តិធម៌ជូនជាតិ និងប្រជាជនកម្ពុជា ដែលរងភាពខ្លោចផ្សារបំផុតដោយសារការបំពាន របស់សហរដ្ឋអាមេរិកពីអតីតកាលនិងបានបង្ហាញ ពិភពលោកឲ្យបានដឹងកាន់ច្បាស់ថែមទៀត ពីភាពអយុត្តិសម្រាប់កម្ពុជា ដោយសារនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បុគ្គល អាមេរិកមួយចំនួន»។ «ក្នុងនាមយើងខ្ញុំជាកងទ័ព ការពារដែនទឹកកម្ពុជា សូមប្តេជ្ញាគោរព និងការពារជាដាច់ខាតនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពប្រាកដនិយម ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង។ យើងខ្ញុំសូមប្តេជ្ញាដាច់ខាតមិនឲ្យកម្លាំងអមិត្ត សត្រូវមានអសិរពិស ដ៏ពិសពុលទាំងឡាយមកបំផ្លាញ ឬ ផ្តួលរំលំការដឹកនាំរបស់សម្តេចតេជោជាដាច់ខាត»។

សូមបញ្ជាក់ថា ការចេញញត្តិគាំទ្រនេះ បានធ្វើឡើងក្រោយសម្តេចតេជោ ហ៊ុន សែន កាលពីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានថ្លែងដោយ ផ្ទាល់មាត់នៅចំពោះមុខ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាម នាទសវត្សរ៍ ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះនយោបាយមិនជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ ជាពិសេសបានថ្លែងបង្ហាញពីទុក្ខវេទនារបស់កម្ពុជា ដោយសារនយោបាយជ្រែតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអតីតកាល៕