(ពោធិ៍សាត់)៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចម្រុះជាង៦០មុខ សរុបប្រមាណជាង៥តោន ដែលរឹបអូសបានតាមបណ្តាស្រុកក្រុង ទូទាំងខេត្ត ក្នុងរយៈពេល១០ខែ ចុងឆ្នាំ២០១៧នេះ ត្រូវបានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ធ្វើពិធីដុតកម្ទេចចោល ក្រោមអធិបតីភាព លោក សាយ សុជាតិ អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្តះព្រៃ ក្រុងពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេល១០ខែ ចុងឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្ត បានចុះពិនិត្យទំនិញហួសកាលបរិច្ចេទ និងខូចគុណភាព បាន២០លើក ព្រមទាំងរឹបអូសទំនិញចម្រុះបានជាង៦០មុខ សរុបប្រមាណជាង៥តោន។
លោកបានបន្ថែមថា សុខភាពប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យច្រើន ដែលទទួលទាន មុខទំនិញ ផលិតផល ម្ហូប អាហារជាច្រើនមុខ ខណៈពេលដែលពួកគាត់ខ្វះការយល់ដឹងទំនិញទាំងនោះ។ ក្នុងនាមលោកជាមន្ត្រីជំនាញ លោកនៅតែបន្តអនុវត្តន៍បន្ថែម នូវអនុសាសន៍របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែលើកឡើងថា «សុខភាពមនុស្សគ្រប់ៗរូប មានតម្លៃជាងគ្រាប់ពេជ្រ»។
លោក សាយ សុជាតិ អភិបាលរងគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់ប្រធានសាខាកាំកុងត្រូលខេត្ត ដែលបានយកចិត្តទុកដាក់ ក្នុងការចុះពិនិត្យទំនិញ ដែលតាំងលក់ក្នុងបណ្តាស្រុកក្រុងមួយចំនួន ទូទាំងខេត្ត ព្រមទាំងមានការចុះពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីវករ ឲ្យយល់ដឹងច្បាស់ពីសុខភាពជាចំបង។ ជាងនេះទៅទៀត លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ម្ចាស់ទំនិញ ម្ហូបអាហារទាំងអស់ ត្រួវចូលរួមសហការជាមន្ត្រីសាខាកាំកុងត្រូលខេត្ត ធ្វើយ៉ាងណាកុំលក់ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះវាបណ្តាលឲ្យខូចសុខភាពផងដែរ។
សូមបញ្ជាក់ថា៖ ទំនិញចម្រុះខូចគុណភាព ដែលយកមកដុតកម្ទេចចោលព្រមគ្នានាពេលនេះរួមមាន ទឹកក្រូច បៀរ ម្សៅស៊ុបរ៉តឌី ទឹកផ្លែឈើចម្រុះ ទឹកខ្មេះ មីកំប៉ុង មីកញ្ចប់ កម្ទេចមី អូវ៉ាន់ទីន ត្រីខ...។ល។ សរុបជាង៦០មុខ ប្រមាណជាង៥តោនផងដែរ៕