(កំពង់ស្ពឺ)៖ ​សមាជិកក្រុមប្រឹក្សាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។​ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

​លោក​ វ័ន វ៉េង អាយុ៥២ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំអមលាំង អាណត្តិទី៤ របស់គណបក្សសង្គ្រោះជាតិរូបនេះ ​បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។

តាមលិខិតដែលអង្គភាព Fresh News ទទួល​​បាន ​លោក​ វ័ន វ៉េង បញ្ជាក់យ៉ាងដូច្នេះថា កាលពីមុននឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពី​បានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន។​

សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖