(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២ឥ០១៧នេះ បានជំរុញឲ្យសហគមន៍ទាំងអស់សូមលក់តែផលិតផល មានគុណភាពសុទ្ធល្អចៀសវាងធ្វើ ឲ្យមានផលប៉ះពាល់ដល់សុខភាពទៅលើអ្នកប្រើប្រាស់។ មួយវិញទៀតការលក់នូវផលិតផលដែលមិនមានគុណ គឺធ្វើឲ្យអ្នកទិញមានការរៀងចាល នឹងឆ្ពោះទៅរកការបាត់បង់ទីផ្សាររបស់ផលិតផល ព្រមទាំងប្រាក់ចំណូលនៅក្នុងមូលដ្ឋាន នៃសហគមន៍ របស់យើង។
លោក សុខ លូ ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរពិធីផ្សារណាត់បន្លែសុវត្ថិភាពដែលរៀបចំដោយ មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអគនាយកដ្ឋាន ដោយមានការរួមពីមន្ត្រីពាក់ព័ន្ធទូទាំងខេត្តជាច្រើននាក់ផងដែរ។
លោក សុខ លូ បានបន្តថា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអគនាយកដ្ឋាន នៃគម្រោងជំរុញផលិតកម្មស្បៀងដើម្បីបង្កើន ការយល់ដឹងអំពី បន្លែសុវត្ថិភាពក្នុងចំណោមមហាជនអ្នកបរិភោគបន្លែទូទៅហើយនឹងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារ រវាងអ្នកផលិតបន្លែជាមួយគ្រប់ តួអង្គក្នុងខ្សែសង្វាក់ផលិតផលសុវត្ថិភាព និងបន្លែសុវត្ថិភាព។ ក្រោយពីបញ្ចប់កម្មវិធីផ្សារណាត់នេះទៅមន្ទីរ នឹងរៀបចំទីកន្លែងលក់បន្លែ សុវត្ថិភាព និងផលិតផលមានសុវត្ថិភាព របស់សហគមន៍កសិករនៅ «ផ្សារបន្លែមានសុវត្ថិភាព» នៅមុខមន្ទីរកសិកម្មខេត្តកំពង់ធំ។
លោក សុខ លូ បានបញ្ជាក់ថា សុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់រូបដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុតព្រោះបើយើងមាន សុខភាពល្អ នោះយើងជាមនុស្សដែលទ្រព្យសម្បត្តិមហាសាល តែបើសុខភាពមិនល្អហើយវាធ្វើឲ្យបាត់បង់គ្រប់យ៉ាង។ ដូច្នេះក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ការហូបចុកពិតជាមានសារសំខាន់ណាស់ដូច្នេះបងប្អូនត្រូវបង្កើនការដាំដុះដោយខ្លួនឯងដើម្បីកាត់បន្ថយផលប៉ះពាល់របស់អាហារដែលប្រើប្រាស់ ជាតិគីមី។
លោក ធីវ វ៉ាន់ធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា ការរៀបចំកម្មវិធីផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពមានរយៈ មួយថ្ងៃចាប់ពីម៉ោងចាប់ពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោង៤ល្ងាច ដែលមានការដាក់តាំងលក់នូវបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពគ្មានជាតិគីមី ដែលនាំឲ្យមានផលប៉ះពាល់សុខភាពរបស់បងប្អូនឡើយ លើសពីនេះទៅទៀតបន្លែ និងផលិតផលទាំងអស់នេះ គឺជាគម្រោងរបស់កម្មវិធីជំរុញ ផលិតផលស្បៀងអាហារនេះ លក់ក្នុងតម្លៃសមរម្យមានគុណភាពល្អប្រសើរ និងមានសុវត្ថិភាពដល់បងប្អូនដែលយកទៅបរិភោគ និងប្រើប្រាស់ ហើយក៏ដូចជាការបង្កើនកម្រៃដល់អ្នកផលិតផងដែរ៕