(ភ្នំពេញ)៖ លោក Matthew Pottinger ជំនួយការរងប្រធានាធិបតី និងនាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិនៃសហរដ្ឋអាមេរិក បានថ្លែងថា ប្រធានាធិបតីទី៤៥របស់អាមេរិក គឺលោក ដូណាល់ ត្រាំ ចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។
ការថ្លែងបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជំនួបប្រកបដោយលទ្ធផលជាវិជ្ជមានបានកើតមានតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយត្រង់ៗនៅចំពោះមុខលោក ដូណាល់ ត្រាំ បង្ហាញការគាំទ្របន្ទាត់នយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃរបស់លោក ដូណាល់ ត្រាំ ព្រមទាំងបានបង្ហាញពីបញ្ហាមួយចំនួន ដែលកម្ពុជា ក៏ដូចជាប្រទេសដទៃរងគ្រោះដោយការជ្រៀតជ្រែកនៃនយោបាយរបស់អាមេរិក កាលពីពេលកន្លងទៅ។
ក្នុងជំនួបប្រកបដោយបរិយាស្និទ្ធស្នាលនោះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសុឆន្ទៈរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចង់ឲ្យមានទំនាក់ទំនងល្អជាមួយអាមេរិកដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការគោរពឯករាជ្យ អធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្នុងជំនួបនោះភាគីទាំងសងខាងបានសម្តែងនូវបំណង និងសេចក្តីសង្ឃឹមរួមក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាអនាគតខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា ក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវកិច្ចសន្ទនារបស់លោក ជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃក្រសួងសន្តិសុខមាតិភូមិ និងក្រសួងការបរទេសអាមេរិក ទាក់ទងនឹងការពង្រឹងទំនាក់ទំនងទេ្វភាគី កិច្ចសហប្រតិបត្តិការលើការធ្វើមាតុភូមិនិវត្តជនជាតិខ្មែរត្រឡប់មកកម្ពុជា និងការគោរពឯករាជ្យភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការខកចិត្តសារជាថ្មីចំពោះការរិតត្បិតផ្នែកទិដ្ឋាការ ទោះបីជាការពិត កម្ពុជាបានជូនដំណឹងជាផ្លូវការរួចទៅហើយទៅសហរដ្ឋអាមេរិកអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបន្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញ។ ប្រមុខការទូតកម្ពុជា ក៏បានពន្យល់ភាគីអាមេរិកអំពីមូលហេតុមនុស្សធម៌ មេត្តាធម៌ ដែលនាំអោយកម្ពុជាស្នើធ្វើវិសោធនកម្មលើអនុស្សារណៈកន្លងទៅ។
ឆ្លើយតបបញ្ហានេះ លោក Matthew Pottinger បានបញ្ជាក់ថា ការរិតត្បិតផ្នែកទិដ្ឋាការនេះ គឺជាការសម្រេចមួយដែលអាចប្រែក្រឡះវិញបាន ហើយស្នើឲ្យកម្ពុជាបន្តធ្វើការថែមទៀតជាមួយក្រសួងសន្តិសុខមាតុភូមិ ដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជា។
ព្រមជាមួយនេះ លោក Pottinger ក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងការវិវត្តចុងក្រោយនេះ នៅកម្ពុជា ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន អង្គការ NDI និងសង្គមស៊ីវិល ក៏ដូចជាគណបក្សប្រឆាំង។
ឆ្លើយតបនឹងការព្រួយបារម្ភទាំងនេះ លោកទេសរដ្ឋមន្ត្រី បានពន្យល់ដោយលំអិតអំពីសភាពការណ៍ថ្មីៗនេះនៅកម្ពុជា ជាពិសេសលើ ១) ករណីការឃុបឃិតរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ២) សេរីភាពសារព័ត៌មាន និងករណីកាសែត The Cambodia Daily និង ៣) បញ្ហាអង្គការ NGOs និងអង្គការNDI ដោយសង្កត់ធ្ងន់ថា បញ្ហាទាំងនេះសុទ្ធតែជាការអនុវត្តការពង្រឹងនីតិរដ្ឋសុទ្ធសាធ។
លោកទេសរដ្ឋមន្ត្រី បានពន្យល់ដល់ភាគីអាមេរិកថា ករណីកាសែត The Cambodia Daily គឺពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីពន្ធដារសុទ្ធសាធ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា នៅកម្ពុជាមានកាសែតជាភាសាអង់គ្លេស៣ គឺ The Cambodia Daily, Phnom Penh Post និងKhmer Times។ នៅពេលដែលកាសែត Phnom Penh Post និង Khmer Times បង់ពន្ធត្រឹមត្រូវ កាសែត The Cambodia Daily មិនគោរពច្បាប់ពន្ធដារ ហើយបែរជាសម្រេចបិទអាជីវកម្មដោយខ្លួនឯងទៅវិញ។ ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់កាសែត ឯកឧត្តមទេសរដ្ឋមន្ត្រី បានបកស្រាយថា ឯករាជ្យភាពមិនមែនជាសិទ្ធិដើម្បីអោយរួចពន្ធនោះទេ ហើយនៅស្រុកខ្មែរមានសារព័ត៌មានបោះពុម្ពផ្សាយជាង ៨០០ សារព័ត៌មានតាមអ៊ីនធើនេត ៧០ ស្ថានីយ៍ទូរទស្សន៍ ២២ ស្ថានីយ៍វិទ្យុ ៣៣០ និងសមាគមអ្នកកាសែត ៣៨។
ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានចោទជាសំណួរថា ក្នុងស្ថានភាពបែបនេះ តើការឈប់ដំណើរការរបស់កាសែតមួយ អាចប៉ះពាល់ដល់សេរីភាពខាងសារព័ត៌មានយ៉ាងម៉េចទៅកើត ? កម្ពុជាតែងត្រូវបានចាត់ថ្នាក់ដោយអ្នករាយការណ៍គ្មានព្រំដែន (Reporters Sans Frontieres) ក្នុងលំដាប់ទី ១ លើសេរីភាពខាងសារព័ត៌មានក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០។
សម្រាប់អង្គការNDIវិញ ត្រូវបានប្រមុខការទូតកម្ពុជា គូសបញ្ជាក់ថា គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានកាតព្វកិច្ចចុះបញ្ជីនិងចុះអនុស្សារណៈជាមួយក្រសួងការបរទេស ប៉ុន្តែ អង្គការនេះមិនដែលគោរពបញ្ញត្តិនេះទេ ទាំងមុនពេល និងក្រោយពេលច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចូលជាធរមាន។ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វីផ្សេងក្រៅពីសម្រេចបញ្ចប់សកម្មភាពអង្គការនេះទេ។
ចំពោះករណីលោក កឹម សុខា វិញ ត្រូវបានប្រមុខការទូតកម្ពុជាប្រាប់មន្រ្តីជាន់ខ្ពស់អាមេរិក គឺជាការអនុវត្តដោយត្រឹមត្រូវ និងហ្មត់ចត់តាមច្បាប់ជាធរមាន (មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ មាត្រា ១២ នៃច្បាប់ស្តីពីលក្ខន្តិកៈអ្នកតំណាងរាស្ត្រ មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ) និងដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ទល់នឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីមជ្ឈដ្ឋានខាងក្រៅផង និងដើម្បីការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍បរទេសជាតិ និងប្រជាជន ផង។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលបានចាត់វិធានការខាងលើនេះផ្អែកលើ
ភស្តុតាងច្បាស់លាស់ ដែលត្រូវបានបញ្ជូនទៅតុលាការរួចស្រេច ហើយដែលបង្ហាញពីភាពជាក់លាក់ពិតប្រាកដនៃបទល្មើស។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៨ អោយមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចជឿទុកចិត្តបាន ដូចការរៀបចំបោះឆ្នោតឃុំសង្កាត់កន្លងទៅថ្មីៗនេះ៕
សូមអានលិខិតសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងមន្រ្តីជាន់ខ្ពស់របស់អាមេរិក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖