(សៀមរាប)៖ ប្រធានក្រុមប្រឹក្សាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងសមាជិកម្នាក់ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក សយ សីហា ប្រធានក្រុមប្រឹក្សាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងលោកស្រី ម៉ៅ ចំណា អាយុ២៦ឆ្នាំ សមាជិកក្រុមប្រឹក្សាឃុំ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
តាមលិខិតដែលអង្គភាព Fresh News ទទួលបានអ្នកទាំង២បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនបានដឹងពីអំពើក្បត់ជាតិ របស់ប្រធានគណបក្សសង្គ្រោះជាតិ ពីមុនមកប៉ុន្ដែពេលនេះ ខ្ញុំដឹង និងសុំលាឈប់ពីគណបក្សសង្គ្រោះជាតិ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះគណបក្សប្រជាជនកម្ពុជា កន្លងមកបានរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យសំបូររុងរឿងរហូតដល់សព្វថ្ងៃ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖