(សៀមរាប)៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីរថយន្តក្រុងដឹកអ្នកដំណើរ មានទាំងភ្ញៀវជាតិ និងបរទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកដី នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យមានអ្នកស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៧នាក់។
មន្ដ្រីនគរបាលខេត្តសៀមរាប បានប្រាប់មកបណ្ដាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៦៖១០ នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ២៩៧ និង២៩៨ ស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ០៦។
មន្ដ្រីនគរបាលបានបន្ដថា មានរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស-លឿង ប្រភេទដឹកអ្នកដំណើរក្រុមហ៊ុនដឹកជញ្ជូន វីរះ ប៊ុនថាំ ពាក់ស្លាកលេខ កោះកុង 3A-0472 អ្នកបើកបរឈ្មោះ ហន ហូន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានដឹកមនុស្សចំនួន៣៥នាក់ បើកបរមានទិសដៅពី កើតទៅលិច បានបុករថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ប្រភេទបែន ពាក់ស្លាកលេខ សៀមរាប 3A-1520 អ្នកបើកបរឈ្មោះ ឈឿង ស៊ិញ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប បើកបរមានទិសដៅពី លិចទៅកើត។
បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ ឈ្មោះ ហន ហូន និង ឈឿង ស៊ិញ និងរបួសមនុស្សធ្ងន់៣នាក់រួមមាន៖
១៖ ឈ្មោះ ឌុក ភណ្ឌ័ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសារាយ ឃុំជើងគ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រួមដំណើរថយន្ត 3A-0472 កោះកុង)
២៖ ឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (រួមដំណើរថយន្ត3A-0472 កោះកុង)
៣៖ ឈ្មោះ ឌី វេត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបូទម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ (រួមដំណើរថយន្ត 3A-0472 កោះកុង)
របួសមនុស្សស្រាល៤នាក់រួមមាន៖
១៖ ឈ្មោះ សេង ថារុំ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសារាយ ឃុំជើងគ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រួមដំណើរថយន្ត 3A-0472 កោះកុង)
២៖ ឈ្មោះ វេត បញ្ញា ភេទប្រុស អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបូទម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ (រួមដំណើរថយន្ត 3A-0472 កោះកុង)
៣៖ ឈ្មោះ ROMA DEGO SEBASIAN ភេទប្រុស ជនជាតិអាសង់ទីន កាន់លិខិតឆ្លងដែនលេខ AAA.955883 (រួមដំណើរថយន្ត 3A-0472 កោះកុង)
៤៖ ឈ្មោះ PAUWELS RUBINPIETER ភេទប្រុស ជនជាតិបែលស្ស៊ិច កាន់លិខិតឆ្លងដែនលេខ IN 170382(រួមដំណើរថយន្ត 3A-0472 កោះកុង)
ខូចខាតរថយន្តធ្ងន់០២គ្រឿង មូលហេតុ អ្នកបើកបររថយន្តស្លាកលេខ 3A-0472 កោះកុង ល្បឿនលឿន៕