(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គទ្រង់យាងជា ព្រះរាជាធិបតីព្រះរាជពិធីអបអរសាទរ ពិធីរំលឹកខួប២៥ឆ្នាំ និងសម្ភោធមជ្ឈមណ្ឌលព័ត៌មាន នៃមន្ទីរពេទ្យគន្ធបុប្ផាទី៤ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាជាច្រើននាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារ ផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ។
រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥ករណី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនចំណាយថវិកាសរុប ៦៣២លានដុល្លារ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១,៨៥៣,៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ២៤៥,៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣)។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរពេទ្យគន្ធបុប្ផាបានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនបានក្លាយទៅជាមន្ទីរពេទ្យគំរូមួយ ហើយកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងអរគុណ ដល់សកម្មភាពដ៏ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុប្ផាថា បានចូលរួមដល់ការកាត់បន្ថយ «អត្រាស្លាប់របស់មាតា និងកុមារ» នៅកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណដល់ការគាំទ្ររបស់សប្បុរសជនទាំងអស់ ដែលញ៉ាំងឲ្យបុគ្គលិកកម្ពុជាប្រមាណ ២៥០០នាក់ សម្រេចបានស្នាដៃធំធេងនេះ៕