(ភ្នំពេញ)៖ វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី.អិល.ធីបានរៀបចំកម្មវិធីមួយស្តីពី «ការចែករំលែកបទពិសោធន៍ក្នុងការបង្រៀន» ជាលើកទីមួយ នៅសាខាផ្សារថ្មីដោយមានវត្តមានចូលរួមពីគ្រូជាតិនិង អន្តរជាតិគ្រប់សាខាទាំង៣នៃវិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី. អិល. ធី កាលពីចុងសប្តាហ៍មុន។
ក្នុងនោះផងដែរ កម្មវិធីនេះបានផ្ដល់ឱកាសដល់សាស្ដ្រាចារ្យជនជាតិអង់គ្លេសចំនួន២រូប លោកគ្រូ Carl Anthony Clark និង លោកគ្រូ Tijs Hermans មានកិត្តិយសឡើងធ្វើបទបង្ហាញក្រោមប្រធានបទ «ការគ្រប់គ្រងថ្នាក់រៀន និងការបង្កើតបរិយាកាសសិ្នទស្នាលនៅក្នុងថ្នាក់រៀន» ដោយបានចែករំលែកពីឆន្ទៈទស្សនវិស័យក្នុងការជួយចូលរួមលើកកម្ពស់គុណភាពអប់រំរបស់សិស្សានុសិស្ស នៃវិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី. អិល. ធី។
គោលបំណងនៃការប្រព្រឹត្តកម្មវិធីចែករំលែកបទពិសោធន៍ក្នុងការបង្រៀនជាលើកដំបូងនេះ គឺចាត់ជាវេទិកាសម្រាប់លោកគ្រូអ្នកគ្រូធ្វើការចែករំលែក និងស្វែងយល់ពីបទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តក្នុងការបង្រៀនដើម្បីឆ្ពោះទៅកាន់ចក្ខុវិស័យតែមួយ គឺការពង្រឹងគុណភាព និងបរិយាកាសអប់រំ ដ៏មានប្រសិទ្ធិភាពសម្រាប់សិស្សានុសិស្ស នៃវិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី.អិល.ធី៕