(ព្រះវិហារ)៖ សមាជិកក្រុមប្រឹក្សាឃុំចំនួន២នាក់ទៀតហើយ របស់ខេត្តព្រះវិហារ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិទាំង២នាក់នោះរួមមាន៖
១៖ លោក អៀម ជិមវាសនា សមាជិកក្រុមប្រឹក្សាឃុំរបៀប ស្រុករវៀង
២៖ លោក រស់ សំណាង សមាជិកក្រុមប្រឹក្សាឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។
សមាជិកបក្សសង្គ្រោះជាតិទាំង២នាក់ បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
តាមលិខិតដែលអង្គភាព Fresh News ទទួលបានពួកគេបានបញ្ជាក់ដូចៗគ្នាថា «កន្លងមកខ្ញុំមានការភ័នច្រឡំ អំពីគោលនយោបាយ និងសកម្មភាពគណបក្សសង្គ្រោះជាតិ។ ថ្មីៗនេះតាមរយៈវីដេអូឃ្លឹប របស់លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហាញយ៉ាងច្បាស់លាស់ ពីអ្វីៗដែលជាការឃុបឃិត និងធ្វើតាមការរៀបចំរបស់បរទេស ដោយមិនគិតពីមហន្ដរាយដល់ប្រទេសជាតិ និងភាពសុខសាន្ដ របស់ប្រជាជនឡើយ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖