(ភ្នំពេញ)៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលម៉ោង១៥៖០០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា នេះ ក្រុមមេធាវីនឹងដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបទៀត ជូនតុលាការកំពូល ដោយស្នើឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដែលពេលនេះបញ្ជីឈ្មោះនឹងកើនដល់១១៨រូបហើយ។
ទោះបីយ៉ាងណា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ពុំទាន់ទម្លាយអត្តសញ្ញាណថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបទៀតនេះទេ។
គួរបញ្ជាក់ថា ស្អែកនេះ ថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូលនឹងបើកសវនាការបណ្តឹងក្រសួងមហាផ្ទៃប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះពិតជារលាយយ៉ាងពិតប្រាកដ ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បានដាក់ភស្តុតាងបន្ថែមជូនតុលាការកំពូល ជុំវិញបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។
លោក គី តិច មេធាវីតំណាងក្រសួងមហាផ្ទៃ ថ្លែងថា «ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេសគឺបញ្ជីឈ្មោះផ្លូវការថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ»។
ក្រុមមេធាវី ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល៕