(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យលោក Masahiro SANO និងលោក KEIICHI OZAWA ប្រធានមជ្ឈមណ្ឌលចំណតកង់ និងសប្បុរសធម៌ជនជាតិជប៉ុនផ្សេងៗ នៅតែបន្តផ្តល់ជំនួយកង់បន្ថែមទៀត ដើម្បីជួយដល់កុមារក្រីក្រ និងខ្វះខាតនៅទីជនបទ។ ការស្នើរបស់លោក វង សូត នាពេលនេះ បានធ្វើឡើងក្រោយពី លោក Masahiro SANO និងសប្បុរសធម៌ ជាតិជប៉ុន បានផ្តល់ជូនមកប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០០៦-២០១៧ គឺមានចំនួន ២៣,៤៣០គ្រឿង។
រដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះ ខណៈលោកបានជួយសំណេះសំណាល និងសម្តែងការគួរសម ជាមួយ លោក Masahiro SANO និង លោក KEIICHI OZAWA ប្រធានមជ្ឈមណ្ឌលចំណតកង់ និងសប្បុរសធម៌ជនជាតិជប៉ុនផ្សេងៗ និងក្រុមការងារជាច្រើនរូបទៀត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួង។
លោក វង សូត បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងអង្គការ និងដៃគូពាក់ព័ន្ធជាច្រើនទៀត លើសកម្មភាពផ្តល់ និង ចែកកង់នេះនៅតែបន្តទៀត ហើយតាមរយៈសកម្មភាពចែកកង់នេះ យើងអាចនិយាយបានថា ស្ទើរតែបានគ្រប់រាជធានី ខេត្ត-ក្រុងហើយ គ្រាន់តែខេត្តខ្លះ ទទួលបានតិច និងច្រើនតែប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី បានសំណូមពរឲ្យអង្គការនៅតែជួយបន្តទៀត ដើម្បីអាចបន្តសកម្មភាពចែកជូនដល់ក្មេងៗ នៅតាមជនបទជា បន្តបន្ទាប់ទៀត ដែលមានតម្រូវការនិងចាំបាច់។ លោក វង សូតបន្តថា គិតមកដល់ពេលនេះ ក្រសួងទទួលបានកិច្ចសហប្រតិបត្តិការ ជាមួយអង្គការទាក់ទងនឹងការផ្តល់ការឧបត្ថម្ភគាំទ្រ ជាកង់រហូតមកដល់ពេលនេះ យើងបានទទួលកង់ប្រមាណជាជាង២ម៉ឺនកង់ រយៈពេលជាជាង២០ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានោះ លោក KEIICHI OZAWA ប្រធានមជ្ឈមណ្ឌលចំណតកង់ និងសប្បុរសធម៌ជនជាតិជប៉ុនផ្សេងៗ ដើម្បី ប្រមូលកង់ពីប្រទេសជប៉ុន ផ្តល់ជូនកុមារក្រីក្រនៅប្រទេសកម្ពុជា បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកនៅតែ បន្តជួយដល់សង្គមកម្ពុជា នៅបន្តជួយប្រមូល និងខិតខំរកជំនួយបន្ថែមទៀត នៅតាមមណ្ឌល និងស្ថានីយរថភ្លើង ដើម្បីជួយប្រមូលកង់ទាំងនោះ ឧបត្ថម្ភដល់កម្ពុជា ក្នុងការសម្រូលឲ្យក្មេងៗ កម្ពុជា ឲ្យទទួលបានការសិក្សា និងប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមពីលើនោះ លោក KEIICHI OZAWA បានសំណូមពរឲ្យក្រសួង ចូលរួមជាដៃគូនឹងគ្នាទៀត ដើម្បីបន្តសកម្មភាព ចែកកង់ ជូនដល់កុមារក្រីក្រ និងរងគ្រោះ នៅតាមមូលដ្ឋាន និងទីជនបទបន្តទៀត ទៅតាមតម្រូវការ។
ប្រធានមជ្ឈមណ្ឌលចំណតកង់រូបនេះ បានបន្តថា អង្គការកុមារអាស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយ លោក Masahiro SANO ប្រធានអង្គការកុគីសៃ KJO និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីទទួលបានអំណោយកង់បាន ចំនួន ៣លើករួចមកហើយ។ ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៩ លោកបានផ្តល់អំណោយកង់តាមរយៈ ROTARY Club រយៈពេល៧លើក ស្មើ៤១៨០ គ្រឿងជូនដល់កុមារកម្ពុជា។
រដ្ឋមន្រ្តក្រសួងសង្គមកិច្ច បានឲ្យដឹងថា ការជួយរបស់អង្គការនេះ មកដល់ក្រសួងដោយផ្ទាល់ និងទៅដល់អង្គការដៃគូ នេះជាការរួមចំណែកមួយដ៏ល្អ ជាពិសេសជួយដល់កុមារក្រីក្រ នៅតាមជនបទ ជាមធ្យោបាយជួយដល់ក្មេងៗទាំងនោះ សិក្សារៀនសូត្រជាដើម។
លោក វង សូត សង្ឃឹមថា នៅពេលខាងមុន លោកប្រធាន និងក្រុមការងារ នៅតែសហការ និងបន្តដើរលើផ្លូវរួមគ្នាបន្តទៀត ។យ៉ាងណាក៏ដោយ តម្រូវការកង់សម្រាប់ក្មេងៗរងគ្រោះ នៅតែមានជាបន្តបន្ទាប់ទៀត ដូចនេះ ការសហការ នឹងនៅតែបន្តមានរៀងរហូត។
គួរបញ្ជាក់ថា តាមរយៈអង្គការអាស៊ីអាស្តេកាសហការ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ចាប់ពីឆ្នាំ ២០០៩ រហូត មកដល់ ពេលបច្ចុប្បន្នបានចំនួន៥៩លើក ស្មើនឹង១៩,២៥០គ្រឿង។ ដូចនេះ សរុបចំនួនកង់ ដែល លោក Masahiro SANO និងសប្បុរសធម៌ជាតិជប៉ុន បានផ្តល់ជូនមកប្រទេសកម្ពុជា ចាប់ពីឆ្នាំ ២០០៦-២០១៧ គឺមានចំនួន ២៣,៤៣០គ្រឿង៕