(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំ កិច្ចប្រជុំពេញអង្គ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ កិច្ចប្រជុំពេញអង្គ ត្រូវបានរៀបចំឡើងជារៀងរាល់ឆមាស ដើម្បីជួបប្រជុំសមាជិក និងសមាជិកាណៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានតំណាងពីក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដើម្បីពិនិត្យរួមគ្នាលើបច្ចុប្បន្នភាព វឌ្ឍនភាព បញ្ហាប្រឈម ការលំបាកនានា ពិភាក្សារកដំណោះស្រាយ និងកំណត់ទិសដៅការងារ សំរាប់ឆមាសបន្ទាប់។
មានវត្តមានអញ្ជើញចូលរួម នៅក្នុងអង្គប្រជុំពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ឆ្នាំ២០១៧នេះ មានលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការអេដស៍ស្ថាប័ន ក្រសួង និង រដ្ឋបាលរាជធានី-ខេត្ត និង លោក លោកស្រី ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការអេដស៍ លោក លោកស្រី ជាតំណាងអង្គការដៃគូរអភិវឌ្ឍ តំណាងម្ចាស់ជំនួយ ជាច្រើនរូបទៀត។
នៅទីបញ្ចប់កិច្ចប្រជុំពេញអង្គ បានអនុម័តនូវសេចក្តីសម្រេចចិត្ត មានខ្លឹមសារសង្ខេប ដូចតទៅ៖
១. បន្តស្នើសុំដាក់បញ្ចូល នៅក្នុងផែនការថវិកាជាតិប្រចាំឆ្នាំ សំរាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួង ស្ថាប័ន រាជធានី ខេត្តនីមួយៗ។
២. បង្កើនសកម្មភាពអប់រំការបង្ការ ការឆ្លងមេរោគអេដស៍ ការជួយស្វែងរកករណីអេដស៍ថ្មី ការបញ្ជូនអ្នកផ្ទុកមេរោគអេដស៍ ទៅសេវាថែទាំព្យាបាល ការសម្របសម្រួលបង្កបរិយាកាស អំណោយផលដូចចែងក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងការផ្តល់កញ្ចប់គាំទ្រសង្គម ដែលដាក់ក្នុងផែនការវិនិយោគ និងផែនការអភិវឌ្ឍឃុំសង្កាត់។
៣. បន្តពង្រីកការផ្តល់អត្តសញ្ញាណ កម្មគ្រួសារក្រីក្រ ដល់អ្នកផ្ទុកមេរោគអេដស៍ក្រីក្រ។
៤. បន្តជំរុញការអនុវត្តប្រកាស ស្តីពីការបង្កើតគណៈកម្មការអេដស៍ នៅតាមសហគ្រាសគ្រឹះស្ថាន និងការបង្ការ ទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ និងប្រកាសស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត។
៥. បង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ ច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ត្រួតពិនិត្យគ្រឿងញៀន និងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដល់មហាជនទូទៅ និងអ្នកអនុវត្តច្បាប់។
៦. ជំរុញការអប់រំបង្ការមេរោគអេដស៍ ក្នុងចំណោមប្រជាជនចំណាកស្រុក ចំពោះខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពិសេស ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងកោះកុង ។
៧. បញ្ចប់ការចងក្រង និងអនុវត្តគោលការណ៍ណែនាំជាតិ ស្តីពីការប្រុងប្រយ័ត្នជាសកលចំពោះការចម្លង មេរោគអេដស៍ នៅកន្លែងផ្តល់សេវាវះកាត់កែសម្ផស្ស ធ្វើធ្មេញ អប់សព សាក់ ។ល។
៨. បន្តស្នើសុំការគាំទ្រថវិកា ដល់ការអនុវត្តផែនការសកម្ម ភាពប្រយុទ្ធនឹងជំងឺអេដស៍ ដែលស្នើឡើងដោយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត៕