(ក្រចេះ)៖ ព្រះសង្ឃជិត១០០អង្គ ដែលគង់នៅវត្តសសរ១០០ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានពុលអាហារ(ត្រីខ) នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
លោក នួន សារិន អធិការរងនគរបាលស្រុកសំបូរ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅពេលព្រះសង្ឃឆាន់អាហាពេលព្រឹក ហើយមានព្រះសង្ឃចំនួន៨៥អង្គ មានអាការៈ វិលមុខ ឈឺព្រះកេស ធីងធូង។ ភ្លាមៗក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្រុកសំបូរ។
ចុងភៅនៅវត្តសសរ១០០ បានប្រាប់សមត្ថកិច្ចថា ពួកគេបានទិញត្រីនៅផ្សារ យកទៅខជាចង្ហាន់សំរាប់ពេលព្រឹក ហើយត្រីទាំងនោះជាប្រភេទត្រី គល់ព្រិច ត្រីលលកស ត្រីសំបកស្រឡៅ។ ព្រះសង្ឃដែលមានអាការៈធ្ងន់ធ្ងរ មានចំនួន៣៥អង្គ និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព តែរហូតមកដល់ពេលនេះ រាងបានធូរស្រាលច្រើនហើយ ខណៈមន្រ្តីជំនាញកំពុងធ្វើការស្រាវជ្រាវ៕