(បន្ទាយមានជ័យ)៖ ​លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញញត្តិសម្តែងការគាំទ្រយ៉ាងពេញ ទំហឹងចំពោះ ប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

លោក សួន បវរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសាសន៍ដ៏ថ្លៃថ្លា និងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេច​តេជោ ហ៊ុន សែន នៅលើឆាកអន្តរជាតិនាពេលនេះ ពិតជាទទួលយកនូវការគោរពដ៏ធំធេងបំផុត ជាការតស៊ូមតិក្នុងផ្លូវការទូតដ៏វាងវៃ ដើម្បីជាផលប្រយោជន៍រួម មិនត្រឹមសម្រាប់ប្រជាជនកម្ពុជាទាំងមូល គឺដើម្បីសុខសន្តិភាពរបស់ពិភលោក ទាំងមូលផងដែរ»។

លោកបានបន្តថា «សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិមួយធានាបាននីរន្តភាព ដរាបណា ឯករាជ្យភាពជាតិ និងអធិបតេយ្យនៃប្រទេសជាតិនោះទទួលបានការការពារនិងការគោរពពេញលេញ។ បទពិសោធន៍ពីបណ្តាប្រទេស មួយចំនួន ដែលរងទុក្ខខ្លោចផ្សា ការបែកបាក់ជាតិ ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធជាតិ និងការបន្តហែកហួរដោយដោយសង្គ្រាមស៊ីវិល គឺបណ្តាលមកពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមនោគមន៍វិជ្ជាពិសពុលមកពីខាងក្រៅ»

លោកបានបន្ថែមទៀតថា៖ «បទពិសោធន៍ដ៏អាក្រក់នេះ រំលឹកយើងខ្ញុំទាំងអស់គ្នាឲ្យប្តេជ្ញាបន្តរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់មហិច្ឆតាជ្រៀតជ្រែកពីខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញ ស្មារតីជាតិ ដើម្បីយើងទាំងអស់រួបរួមគ្នាការពារឲ្យបាននូវឯករាជ្យភាពជាតិ និងអធិបតេយ្យជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏មាន តម្លៃ ដើម្បីបន្តការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែងនៅព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះនយោបាយមិន ជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ។

ដោយឡែកក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុមម៉ាលីន ប្រទេសហ្វីលីន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អគ្គលេខាធិការ រូបនេះ ពីវត្តមានរបស់គ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅលើទឹកដីកម្ពុជា ហើយបាននិងកំពុងធ្វើឲ្យ ពលរដ្ឋខ្មែរ រងគ្រោះដោយឥទ្ធិពល របស់គ្រាប់បែកគីមីទាំងនោះថែមទៀត៕