(អាមេរិក)៖ ខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាព ជិះរថយន្តបាញ់ប្រហារយ៉ាងកម្រោល ដោយគ្មានគោលដៅពិតប្រាកដនោះឡើយ នៅឯភាគខាងជើងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ និងយ៉ាងតិច ១០នាក់ ផ្សេងទៀតរបួស (ក្នុងនោះ ០២នាក់ជាកុមារ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ខ្មាន់កាំភ្លើងខាងលើ ដែលអត្តសញ្ញាណមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្រោយពីជនដៃដល់រូបនេះ បានបាញ់រះទៅលើទីតាំងជាច្រើនខុសៗគ្នា នៅក្បែរសាលាបឋមសិក្សា Rancho Tehama។ បើតាមអាជ្ញាធរតំបន់ Tehama បុគ្គលិកសាលា បានលឺស្នូរកាំភ្លើងលាន់ឡើងយ៉ាងកក្រើក នៅប៉ុន្មានរយម៉ែត្រក្បែរសាលារៀន បន្ទាប់មកសាលារៀននោះ ក៏ត្រូវបានដាក់ស្ថិតក្រោមស្ថានភាពបិទជិត ទើបធ្វើឲ្យជនសង្ស័យ ដែលបានព្យាយាមចូលទៅកាន់បន្ទប់រៀន របស់សាលាបឋមសិក្សានេះ ដើម្បីបាញ់រះលើសិស្សតូចៗផងដែរនោះ ទទួលបរាជ័យ។
ដោយសារតែចូលក្នុងថ្នាក់រៀនមិនបាន ខ្មាន់កាំភ្លើងរូបនេះ ក៏បានឡើងរថយន្តរបស់ខ្លួនវិញ ហើយបន្តបាញ់រះទៅលើអ្នករស់នៅតាមដងផ្លូវ ព្រមទាំងអ្នកដែលជិះយានជំនិះឆ្លងកាត់ ទាំងកម្រោល មុននឹងត្រូវកម្លាំងប៉ូលិសបុករថយន្តឲ្យធ្លាក់ផ្លូវ ហើយបាញ់សម្លាប់ចោល។
មានសេចក្តីរាយការណ៍ថា មូលហេតុដែលបានបង្កឲ្យមានហេតុការណ៍ដ៏អាក្រក់ គឺដោយសារតែបញ្ហាជម្លោះរវាងបុរសខាងលើ និងអ្នកជិតខាង ហើយពុំមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ។ យ៉ាងណាមិញ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតស្វែងរកចេតនាពិតប្រាកដ នៃសកម្មភាពបាញ់ប្រហារនេះដដែល ខណៈកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ០១ដើម ព្រមទាំងកាំភ្លើងខ្លី ០២ដើម ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ៕
http://cdn.newsapi.com.au/image/v1/7adef7d647c5b8686545be7b3f7b5167