(ភ្នំពេញ)៖ ស្អែកនេះថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូលនឹងបើកសវនាការបណ្តឹងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បានដាក់ភស្តុតាងបន្ថែមជូនតុលាការកំពូល ជុំវិញបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
លោក គី តិច មេធាវីតំណាងក្រសួងមហាផ្ទៃ ថ្លែងថា «ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេសគឺបញ្ជីឈ្មោះផ្លូវការថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ»។
ក្រុមមេធាវី ជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល។
រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពុំបានពឹងពាក់មេធាវីឱ្យការពារក្ដីនៅតុលាការកំពូលទេ។ បញ្ហានេះក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បញ្ជាក់ថា ទោះបីគណបក្សសង្គ្រោះជាតិ ពុំបានដាក់មេធាវី ក៏តុលាការកំពូលអាចបន្តនីតិវិធីបានដែរ។
មន្រ្តីតុលាការបានបញ្ជាក់ថា សវនាការនេះជាសភាពេញអង្គដែលមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ហើយនឹងធ្វើជាសាធារណៈ។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំ រំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្ត ផែនការដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕