(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា​លោក ហ៊ុយ វណ្ណៈ រួមនឹងស្ថាបនិកទាំងអស់ នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សូមចេញញត្តិសម្តែង ការគាំទ្រទំហឹងចំពោះប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសាសន៍ដ៏ថ្លៃថ្លានិងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅលើឆាកអន្តរជាតិនាពេលនេះ ពិតជាទទួលយកនូវការគោរពដ៏ធំធេងបំផុត ជាការតស៊ូមតិក្នុងផ្លូវការទូតដ៏វាងវៃ ដើម្បីជាផលប្រយោជន៍រួម មិនត្រឹមសម្រាប់ ប្រជាជនកម្ពុជាទាំងមូល គឺដើម្បីសុខសន្តិភាពរបស់ពិភលោកទាំងមូលផងដែរ»។

លោកបានបន្តថា «សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិមួយធានាបាននីរន្តភាព ដរាបណា ឯករាជ្យភាពជាតិ និងអធិបតេយ្យនៃប្រទេសជាតិនោះ ទទួលបានការការពារនិងការគោរពពេញលេញ។ បទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនដែលរងទុក្ខខ្លោចផ្សា ការបែកបាក់ជាតិ ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធជាតិ និងការបន្តហែកហួរដោយដោយសង្គ្រាមស៊ីវិល គឺបណ្តាលមកពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមនោគមន៍វិជ្ជាពិសពុលមកពីខាងក្រៅ»។

លោកបានបន្ថែមទៀតថា៖ «បទពិសោធន៍ដ៏អាក្រក់នេះ រំលឹកយើងខ្ញុំទាំងអស់គ្នាឲ្យប្តេជ្ញាបន្តរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់មហិច្ឆតាជ្រៀតជ្រែកពីខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញស្មារតីជាតិ ដើម្បីយើងទាំងអស់រួបរួមគ្នាការពារឲ្យបាននូវឯករាជ្យភាពជាតិនិងអធិបតេយ្យជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ ដើម្បីបន្តការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យូរអង្វែងនៅព្រះរាជាណាចក្រកម្ពុជា»។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយ ផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយ សម្រាប់អភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពលរបស់កម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះនយោបាយមិនជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ៕