(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំ និងដាក់ផែនការយ៉ាងតឹងរឹង ដល់ក្រុមការងារប្រចាំការគ្រប់គ្រង់សភាពការណ៍ សន្តិសុខ សណ្តាប់សង្គម ដើម្បីក្តាប់ និងប្រមូលផ្តុំព័ត៌មាន សភាពការណ៍ នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ និងអនុវត្តន៍ចាត់វិធានការតាមច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត គ្រប់សកម្មភាពប្រមូលផ្តុំកម្លាំង បង្កចលនាបាតុកម្មទាមទារ តវ៉ានានា ក្នុងចេតនាធ្វើឲ្យមានអសន្តិសុខ អស្ថេរភាពនយោបាយ បាត់បងសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។
លោកឧត្តមសេនីយ៍ត្រី ក៏បានដាក់ផែនការដល់អធិការក្រុង-ស្រុក ត្រូវគ្រប់គ្រង់សភាពការណ៍នយោបាយ សន្តិសុខ ក្នុងការទប់ស្កាត់ នៅតាមមូលដ្ឋាន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការញ៉ុះញុង មេក្លោងខិលខូច ដោយយកលែសផ្សេងៗ ដើម្បីប្រមូលផ្តុំ តវ៉ា បង្កអសន្តិសុខសង្គមផងដែរ។
ជាមួយនោះលោកស្នងការ បានចាត់តាំងលោកស្នងការរង ទទួលដឹកនាំស្រុក-ក្រុងនីមួយៗ ឲ្យចុះទៅប្រចាំការដឹកនាំបញ្ជាកងកម្លាំង ត្រួតពិនិត្យសភាពការណ៍ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនសង្គម ដោយអនុវត្តតាមខ្លឹមសារផែនការ ដែលបានផ្សព្វផ្សាយខាងលើ។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលាយ៉ាងឆាប់រហ័ស នៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងរាយការណ៍មកក្រសួងមហាផ្ទៃ»៕