(កំពង់ស្ពឺ)៖ ការរង្គោះរង្គើរជើងក្រោមរបស់គណបក្សសង្គ្រោះជាតិ កាន់តែខ្លាំងហើយ ក្រោយវីដេអូឃ្លឹបបញ្ជាក់ថា លោក កឹម សុខា ក្បត់ជាតិឱនក្បាលបម្រើបរទេស ដែលជាក់ស្ដែង អនុប្រធានគណបក្សសង្គ្រោះជាតិយុទ្ធសាមគ្គី រួមជាមួយសកម្មជនរបស់ខ្លួនចំនួន៤៥រូប, សកម្មជននៅឃុំភ្នំតូចចំនួន៨៧រូប នៃស្រុកឧដុង្គ និងសកម្មជនចំនួន៤រូបទៀត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសរុបមានចំនួន១៣៦រូប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដើរចេញពីបក្ស ហើយមកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ជាមួយនឹងការប្រកាសចុះដោយគ្មានការស្ដាយស្រណោះនោះ ពួកគេសុទ្ធតែបានអះអាងថា ការដែលពួកគេប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីបានឃើញនូវវីដេអូ ញុះញង់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលឱនក្បាលបម្រើបរទេស ហើយក្បត់ជាតិឯង។
សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនខាងលើនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំជាច្រើននាក់ផងដែរ។
សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖