(ភ្នំពេញ)៖ មេដឹកនាំសហភាពសហជីពធំៗចំនួនពីរ នៅប្រទេសកម្ពុជា ដែលតំណាងឲ្យក្រុមកម្មករ-កម្មការិនីរាប់ម៉ឺននាក់ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះសមាជិកព្រឹទ្ធសភាមួយរូប នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកឈ្មោះ Ricardo Lara ដែលបានចេញលិខិតទទួលស្គាល់ទណ្ឌិត សម រង្ស៊ី ថា ជាបិតាស្ថាបនិកសហជីពសេរីនៅកម្ពុជា។
មេសហជីពធំៗទាំង២រូប បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនសក្តិសមជាបិតាស្ថាបនិក សហជីពនៅកម្ពុជានោះឡើយ ហើយកម្ពុជាមានសហជីពសេរីតាំងពីបុគ្គល សម រង្ស៊ី មិនទាន់មានវត្តមានលើទឹកដីកម្ពុជាមកម្ល៉េះ។
ប្រតិកម្មផ្ទួនៗរបស់សហជីពខាងលើនេះ បានកើតឡើងបន្ទាប់ពីលោក Ricardo Lara សមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក មួយរូបបានចេញលិខិតទទួលស្គាល់លោក សម រង្ស៊ីថា «ជើងឯកលទ្ធិប្រជាធិបតេយ្យ និងជាបិតាស្ថាបនិក នៃសហជីពសេរីនៅកម្ពុជា» ។
លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ តំណាងឲ្យក្រុមកម្មករជាង១០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងស្បែកជើង បានបញ្ចេញប្រតិកម្មថា ការដែលសមាជិកព្រឹទ្ធសភា រដ្ឋកាលីហ្វ័រនីញ៉ាមួយរូបឈ្មោះ Ricardo Lara បានទទួលស្គាល់បុគ្គល សម រង្ស៊ី ថា ជាបិតាស្ថាបនិកសហជីពនៅកម្ពុជានោះ លោកសូមបដិសេធ ចោលទាំងស្រុង ហើយសហជីពនៅកម្ពុជា បានកើតឡើងពីកម្មករ បម្រើផលប្រយោជន៍កម្មករ មិនមែនទណ្ឌិត សម រង្ស៊ី ជាអ្នកបង្កើតនោះទេ។
លោក ឡុង សុផាត បានបញ្ជាក់យ៉ាងដូច្នេះថា «សហជីពនៅកម្ពុជា បានបង្កើតឡើងតាំងពីមិនទាន់មានវត្តមាន សម រង្ស៊ី នៅកម្ពុជាមកម្ល៉េះ ហើយបុគ្គល សម រង្សី ក៏មិនដែលធ្វើអ្វីទាល់តែសោះ ដើម្បីជាផលប្រយោជន៍កម្មករ និយោជិត ពោលគឺមានតែការញុះញង់បំផ្លាញការងារ និងផលប្រយោជន៍កម្មករនិយោជិត ញុះញង់ឲ្យកើតមានកូដកម្ម បាតុកម្មជាបន្តបន្ទាប់ រហូតវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកវិនិយោគ និងទ្រព្យសម្បត្តិឯកជនជាច្រើន ដូច្នេះយោងទៅលើទង្វើ និងសកម្មភាពជាក់ស្តែងរបស់បុគ្គល សម រង្សី មិនគួរលោក Ricardo Lara ហ៊ានចេញលិខិតលើកសរសើរបុគ្គលនេះ ហួសហេតុបែបនេះសោះ»។
ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជិត១០ម៉ឺននាក់ ក៏បានបញ្ចេញប្រតិកម្មថា «បុគ្គល សម រង្ស៊ី មិនមែនជាអ្នកបង្កើតសហជីពនៅកម្ពុជាស្អីនោះទេ ហើយ សម រង្ស៊ី ក៏មិនបានបម្រើផលប្រយោជន៍សម្រាប់សហជីពនៅកម្ពុជាដែរ»។
លោក សំ សឿន បន្តថា «នៅកម្ពុជាទោះបីគ្មាន សម រង្ស៊ី ក៏កម្ពុជាមានសេរីភាពសហជីព មានសេរីភាពខាងវិជ្ជាជីវៈគ្រប់គ្រាន់ គ្រប់ពេលវេលា ដើម្បីធ្វើសកម្មភាពការពារសិទ្ធិសេរីភាពរបស់កម្មករ និយោជិត និងប្រជាពលរដ្ឋគ្រប់រូបតាមច្បាប់កំណត់»៕