(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពី ការបង្ការ និងការទប់ស្កាត់ ការធ្វើបាតុកម្មប្រឆាំងចំណាត់ការរបស់តុលាការកំពូល រឿងក្តីប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីអនុប្រធាននាយកដ្ឋាន, នាយការិយាល័យ, នាយរងការិយាល័យ និងថ្នាក់ដឹកនាំនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលពាក់ព័ន្ធទាំងអស់ផងដែរ។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងបរិបទនយោបាយថ្មី ដែលគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយដោយតុលការកំពូល ដោយបង្ការ ទប់ស្កាត់មិនទុកឲ្យមានការញុះញង់ បំផុសគៀគរប្រជាជនប្រមូលផ្ដុំបង្កចលាចលសង្គមបាន។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានប្រាប់ទៅថ្នាក់ដឹកនាំក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌទាំងអស់ ត្រូវក្ដាប់ឲ្យបានទាន់ពេលវេលា និងវិភាគវាយតម្លៃឲ្យបានត្រឹមត្រូវ នូវឧបាយកលរបស់កម្លាំងអមិត្ត ពិសេសគោលការណ៍ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ចំពោះដំណើរការសវនាការបស់តុលាការកំពូល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់សមស្រប និងមានប្រសិទ្ធភាព។
លោកបានសង្កត់ធ្ងន់ថា ត្រូវពង្រឹងកម្លាំងអន្ដរាគមន៍គ្រប់ថ្នាក់ ដើម្បីធានាគាំទ្រដល់ប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពេលមានបទបញ្ជារបស់ថ្នាក់ដឹកនាំ។ បន្ថែមពីនេះ ត្រូវក្ដាប់ឲ្យបានរាល់ការប្រមូលផ្ដុំមនុស្សដើម្បីធ្វើបាតុកម្មប្រឆាំង ចំណាត់ការរបស់តុលាការកំពូល ចំពោះរឿងក្ដីប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដោយត្រូវមានវិធានការរំលាយតាំងពីដំបូង ព្រមទាំងធ្វើការទប់ស្កាត់ រាល់ការបញ្ជូនមនុស្សពីបណ្ដាខេត្តចូលមករាជធានីភ្នំពេញ ដើម្បីប្រមូលផ្ដុំតវ៉ាប្រឆាំង៕